ព័ត៌មានទាន់ហេតុការណ៍៖

នាយក្តិប ទទួលអំណោយលើកទី២ ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងនាយក្តិប ដែលមានជំងឺច្រើនមុខកំពុងស្នាក់នៅ និងព្យាបាលនៅផ្ទះនោះ ទទួលបានអំណោយជាលើកទី២ ពីសំណាក់កាកបាទក្រហមកម្ពុជា ។ ការទទួលអំណោយនេះ ប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃពុធ ទី​ ៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ​។

ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ ​ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានជួប​សំណេះ​សំណាលសួរសុ​ខទុក្ខ​ជាមួយ​អ្នកស្រី​ ហួន​ ថាត ពីស្ថានភាពជំងឺរបស់តារា​កំប្លែងជើង​ចាស់​ នាយក្តឹប អាយុ​ ៦០ឆ្នាំ ជាស្វាមីដែលមានជំងឺ​សម្ពាធសរសៃឈាម​បេះដូងធ្ងន់ធ្ងរ​ កកឈាមក្នុងខួរក្បាល​ ទឹក​នោមផ្អែម​ និងទឹកចូលសួត​ កំពុងសម្រាកព្យាបាល​នៅគេហ​ដ្ឋា​នស្ថិតនៅ​ភូមិខ្ទរ​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ។

លោកស្រី ម៉ែន នារីសោ​ភ័គ ក៏​បានពាំនាំ​នូវប្រសា​សន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តាំផ្ញើនូវការសួរសុខទុក្ខ​ចំពោះសិល្បករ​ជើងចាស់ធ្លាប់​មានទេពកោសល្យ​ និងបន្សល់ទុកស្នាដៃ​សិល្បៈកំប្លែង​ជាច្រើន​ ។ ជាមួយគ្នានេះ​ លោក​ស្រី​ បានផ្តាំផ្ញើ​ឲ្យក្រុមគ្រួសារនាយក្តឹប​ ខិតខំថែទាំសុខភាពស្វាមី​ ឪពុក​ ​ឲ្យបានល្អ ហើ​យអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរឆាប់​បានជាសះ​ស្បើយឡើងវិញ ។

ទន្ទឹមនឹងនេះ​ អ្នកស្រី​ ហួន​ ថាត​ និងកូនប្រុស​ បានសំដែងក្តីរំភើ​បឥតឧបមា​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលបានយកចិត្តទុកដាក់ គិតគូរជួយសម្រាលទុក្ខលំបាក​ និងលើក​ទឹកចិត្តដល់​ នាយក្តឹប​ ក៏ដូចជាអ្នកដែលជួបទុក្ខលំបាកទូទៅដោយគ្មានការរើសអើង​អ្វី​ឡើយ ​ហើយ​អំណោ​យ​ផ្ត​ល់ជូនលើ​កទី​ ២​ នេះ​ រួមមាន​ អង្ករ​ មី​ ត្រីខ​ ទឹកដោះគោ​ ស្ករស​ ទឹកប្រទាល​កន្ទុយក្រពើ​ ទឹកត្រចៀកកាំ​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកាមួយចំនួន។

គួរបញ្ជាក់ដែរថា នាយក្តិប មានជំងឺច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមថែមទៀត។ បើតាមការបញ្ជាក់ពីសាច់ញាតិរបស់តារាកំប្លែងនាយក្តិបបានបញ្ជាក់ថា ភរិយាតារាកំប្លែងរូបនេះសម្រេចបន្តបញ្ជូនប្តីឲ្យទៅបន្តព្យបាលនៅខេត្តមួយនៃប្រទេសថៃ ក្រោយពីឃើញសភាពជំងឺរបស់ប្ដីខ្លួន កាន់តែដុនដាបទៅៗ។

ដំណឹងដែលគួរឲ្យអាណិត គឺពេលនេះក្រុមគ្រួសារដឹកនាយក្តិបមកទឹកដីមាតុភូមិវិញ ក្រោយពីការព្យាបាលបានមួយរយៈត្រឹមតែជំងឺសួតធូរស្បើយបន្តិច ខណៈដែលជំងឺបេះដូង និងខួរក្បាលមិនទាន់ធ្វើការវះកាត់ ៕ វឌ្ឍនា


ចែករំលែក៖