គេរាយការណ៍ថា បទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកណ្តៀង បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដោយពួកអ្នកនេសាទល្មើសច្បាប់ទាំងនោះ គ្រាន់តែបង់ប្រាក់ឲ្យពួកមន្ត្រីជលផលជាការស្រេច ។ មន្ត្រីជលផលដែលមានភារកិច្ចប្រមូលប្រាក់ពីអ្នកនេសាទល្មើសច្បាប់នោះគឺលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង ។ ក្រោមលេសថា គ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើស លោក ភេម សុខុន ទុកបណ្តោយឲ្យអ្នកនេសាទល្មើសច្បាប់ធ្វើសកម្មភាពតាមអំពើចិត្ត ។
ប្រភពរាយការណ៍ថា បទល្មើសនេសាទ បរ ក៏ដូចជាអួន ក្រឡាញឹក កំពុងធ្វើសកម្មភាពនៅបឹងទន្លេសាបក្នុងស្រុកកណ្តៀងជាចំហរ ។ ពួកឈ្មួញអ្នកនេសាទល្មើសច្បាប់ធ្វើសកម្មភាពទាំងយប់ ទាំងថ្ងៃ ហើយនៅពេលដែលគេសួរនាំអំពីបញ្ហាបទល្មើស លោក ភេម សុខុន អះអាងថា ជលផលគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសនោះឡើយ ។ ប៉ុន្តែវាគ្រាន់តែជាចម្លើយដោះសាររបស់មន្ត្រីជលផលនេះតែប៉ុណ្ណោះ ផ្ទុយទៅវិញ ពួកអ្នកនេសាទល្មើសច្បាប់សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោក ភេម សុខុន ទើបអាចប្រព្រឹត្តល្មើសបានដោយចំហរ ។
បទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប នៃខេត្តពោធិ៍សាត់ កើតឡើងក៏ព្រោះតែកម្សោយនៃការដឹកនាំរបស់ស្ថាប័នជំនាញនៃខេត្តនេះ ។ បើទោះបីជាប៉ុន្មានខែមុន ថ្នាក់ដឹកនាំនិងអាជ្ញាធរខេត្ត បានបើកយុទ្ធនាការគគ្រឹកគគ្រេងដើម្បីបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា យុទ្ធនាការបង្ក្រាបបទល្មើសនោះគ្រាន់តែជាការជិះទូកកម្សាន្តនៅតំបន់បឹងទន្លេសាបតែប៉ុណ្ណោះ ។ ពួកមន្ត្រីជលផលបានទូរស័ព្ទប្រាប់ពួកអ្នកនេសាទល្មើសច្បាប់ឲ្យផ្អាកសកម្មភាពមុនពេលដែលពួកមន្ត្រីថ្នាក់ខេត្តចុះទៅដល់ ។ ទិដ្ឋភាពបែបនេះ បានកើតស្ទើរគ្រប់ទីកន្លែងនៅតំបន់បឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ។ ជាពិសេសក្នុងដែនសមត្ថកិច្ចរបស់លោក ភេម សុខុន គឺបទល្មើសកើតឡើងយ៉ាងគគ្រឹកគគ្រេង ហើយមិនដែលឃើញពួកជលផលបង្ក្រាបបានម្តងណាឡើយ ៕