ភ្នំពេញ ៖ បុរសម្នាក់ ដកកាំភ្លើងមកភ្ជុងយុវជនម្នាក់ ហើយស្រែកសំឡុតថា “ហ៊ែងមើលមុខសង្សារអញ ចង់ញ៉ែសង្សារអញមែន? ទះរូបគេ២កំផ្លៀង ហើយលើកដៃរងក្រវីដៃចុះឡើងៗ បុរសម្នាក់នោះ បានយកកាំភ្លើងខ្លីសៀតជាប់ចង្កេះ អាមេ រួចបុរសនោះក៏ទះមិត្តភ័ក្តិរបស់គេម្នាក់ទៀត ២ដៃចំក្បាលពីក្រោយទៀត រួចកាន់កាំភ្លើងខ្លីនោះ ដើរត្រលប់ទៅបើករថយន្តចេញទៅបាត់តែម្ដង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចកន្លែងលក់ស្រាក្រឡុកមួយកន្លែង នៅក្រោយព្រះបរមរាជវាំង ផ្លូវលេខ២១៤ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យុវជនរងគ្រោះឈ្មោះ រុណ ហុង ហៅញាញ់ អាយុ២២ឆ្នាំ មុខរបរចុងភៅនៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ភ្នំពេញ។ ចំណែកយុវជនម្នាក់ទៀតជាមិត្តភ័ក្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បើតាមសម្ដីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេបានមកហូបអីជាមួយមិត្តភ័ក្ត៣នាក់ទៀត នៅម្ដុំក្រោយព្រះបរមរាជវាំង ដោយបានជជែកគ្នាអំពីបាល់ទាត់ ខណៈផឹកអស់ស្រាបៀ៣ថូ យុវជនរងគ្រោះ បានលូកដៃយកទូរស័ព្ទពីមិត្តភ័ក្តិយកមកមើលបាល់ទាត់ តែជ្រុលប៉ះថូដាក់ស្រា បណ្ដាលឲ្យធ្លាក់បែកថូអស់១ ទើបភ្ញាក់ផ្អើលដល់អ្នកអង្គុយផឹកជិតនោះ ងាកមើលផងដែរ តែរូបគេក៏បានទទួលខុសត្រូវ និងព្រមចេញសំណងលើការខូចខាតនោះដែរ ដោយអ្នកគិតលុយប្រាប់ថា ថូស្រានោះ តម្លៃតែ៥ដុល្លារប៉ុណ្ណោះ ទើបរូបគេយល់ព្រមសងថ្លៃខូចខាត ។
យុវជនរងគ្រោះបន្តថា បន្ទាប់មករូបគេបានហៅស្រា១ថូទៀតផឹក ជជែកគ្នាបន្តទៀត ខណៈការប្រកួតបាល់ទាត់កំពុងល្អមើល ពួកគេក៏បាននិយាយថា បាល់នឹងចាំមើលខ្លាស៊ីគោហើយ រួចស្រែកសប្បាយបន្តទៀត ដោយមិនបានចាប់អារម្មណ៍នឹងអ្នកអង្គុយជិតគ្នានោះទេ រហូតមកដល់មុនពេលកើតហេតុបន្តិច រូបគេក៏ស្រវឹងស្រឿងៗដែរ ក៏ប្រាប់អោយគេមកគិតលុយ រួចនាំគ្នាត្រលប់ទៅផ្ទះមុនជាមួយមិត្តភ័ក្តម្នាក់ទៀត ពេលអូសម៉ូតូចេញ ស្រាប់តែមានបុរសម្នាក់ ដើរចេញពីកន្លែងផឹកស៊ីនោះដែរ រួចដើរយ៉ាងលឿនទៅយកកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) ពីក្នុងរថយន្ត TOYOTA PRIUS ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) ហើយសៀតចង្កេះ ដើរត្រលប់មករកពួកគេវិញ រួចស្រែកសំឡុតថា “ហ៊ែងមើលមុខសង្សារអញ ចង់ញ៉ែសង្សារអញមែន” ហើយខ្លួនក៏តបទៅវិញថា អត់ទេបង “ខ្ញុំមិនបានដឹងផង” ស្រាប់តែបុរសម្នាក់នោះ ទះរូបគេ២កំផ្លៀង ហើយខ្លួន លើកដៃរងក្រវីដៃចុះឡើងៗ កុំអោយវៃទៀត បុរសម្នាក់នោះ បានយកកាំភ្លើងខ្លីដែលសៀតជាប់ចង្កេះនោះ អាមេ រួចបម្រុងវាយទៅលើមិត្តភ័ក្តរបស់ខ្លួន ទើបមិត្តភ័ក្តរបស់ខ្លួន លើកដៃរងហើយក្រវីដៃចុះឡើងៗ ទើបបុរសម្នាក់នោះ យកដៃមកវាយមិត្តភ័ក្តរបស់ខ្លួន២ដៃចំក្បាលពីក្រោយ ចង់ផ្កាប់មុខ ភ្លាមនោះពួកគេទាំង២នាក់ ក៏បានលើកដៃសំពះសុំទោស ហើយនិយាយថា”បងអើយខ្ញុំ អត់មានបានមើលមុខ ឬញ៉ែសង្សារបងទេ” ហើយក៏ឡើងម៉ូតូជិះឌុបគ្នាចេញទៅ ហើយបុរសនោះក៏ទះ២ដៃចំក្បាលពីក្រោយទៀត រួចកាន់កាំភ្លើងដើរត្រលប់ទៅបើករថយន្តចេញទៅបាត់តែម្ដង ។
បច្ចុប្បន្នក្រោយពីកើតហេតុ យុវជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអោយជួយស្រាវជ្រាវ តាមចាប់បុរសដៃដល់នោះ ដោយមិនដឹងថាជាមន្ត្រីរាជការ ឬមានតួនាទីអ្វីនោះទេ បានជាមានប្រើប្រាស់កាំភ្លើង ហើយយកមកភ្ជុងគំរាមកំហែងប្រជាពលរដ្ឋនៅតាមទីសាធារណៈបែបនេះ ៕ ជ្រោយពេជ្រ