ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីបើកម៉ូតូឌុបគ្នា ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ិន ឃាន់ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅកន្លែងធ្វើការផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាអ្នកបើកបរម៉ូតូចំណែកអ្នករួមដំណើរម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។
ប្រភពនៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅសលាយទឹកក្រូច ពាក់ស្លាកលេខកណ្តាល ១W-2342 មិនដឹងថាគោលបំណងទៅណានោះទេ បានធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែអ្នកបើកម៉ូតូកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវធ្វើឲ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូបោកក្បាលនឹងផ្លូវ ផុងលលាដ៍ក្បាលហូរឈាមស្លាប់នៅនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំបងប្អូនយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ រីឯសពជនរងគ្រោះប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ