ខេត្តឧត្តរមានជ័យ៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងចំណោមជនរងគ្រោះចំនួន៣នាក់ ខណៈដែលពួកគេបើកបរម៉ូតូដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរេចង្កួតឆ្លងគំនួសលឿង ចូលទៅខាងឆ្វេងត្រូវរថយន្តបុកតែម្តង។ ហេតុការណ៍គ្រោះថ្នាក់នេះចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៩-៨០ ស្ថិតក្នុងភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ រវាងរថយន្តម៉ាកកាម៉ារី កាលី ពាក់ស្លាកលេខ បាត់ដំបង 2A-4855 ជាមួយនឹងម៉ូតូម៉ាក Honda dream C125 ផលិតឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-6687។
បើតាមការលើកឡើងពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺអាចបង្កឡើងដោយភាគីម៉ូតូ ដែលទំនងជាមានការបើកបរក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ បានរេចង្កូតចូលទៅខាងរថយន្ត ទើបត្រូវរថយន្តបុកតែម្តង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងនាក់រួមដំណើរ១នាក់ទៀតរងរបួសធ្ងន់ ។
អ្នកបើកបរម៉ូតូឈ្មោះ រុំ វូង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់), អ្នករួមដំណើរឈ្មោះ ធុល ជា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់មួកសុវត្ថភាព (ស្លាប់) នឹងអ្នករួមដំណើរឈ្មោះ ជន បូណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (របួសធ្ងន់) ។
រីឯអ្នកបើកបររថយន្ត ឈ្មោះ កូវ ហឺយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបកហែរ ឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប មិនមានរបួស។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ អ្នកបើកម៉ូតូមិនប្រកាន់ស្ដាំ ។ ចំណែកវត្ថុតាងទាំងពីរកម្លាំងនគរបាលចរាចរណ៍ខេត្តបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់ ៕ ប៉ែន នួន