ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយកូនកាំបិតចុងស្រួច ដោតជាប់ពោះហូរឈាមដក ក៏អត់រួច ដែលករណីនេះ នគរបាលប៉ុស្ដិ៍រដ្ឋបាលអះអាងជាការប៉ុនប៉ងធ្វើអត្តឃាតមិនបានសម្រេច ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទី យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងរបួស ស្ថិតក្នុងភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសន្រ្ទែឃើញថា ជនរងរបួសឈ្មោះ ឡូញ ច្រឹប ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ ដោយកូនកាំបិតចុងស្រួចដោតជាប់ពោះឆ្កឹង (ដកមិនចេញ) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្នុងរបាយការណ៍បន្តថា ស្រ្តីរងរបួសគាត់ចូលចិត្តយកស្រាជាគ្នា ដើរផឹកផ្ទះគេផ្ទះឯង ដាច់បាយដាច់ទឹក រហូតបាត់បង់សតិស្ទើរឆ្កូតទៅហើយ ជាក់ស្ដែងថ្ងៃកើតហេតុ គេឃើញគាត់មកពីដើរផឹកស្រវឹងជោកជាំ ស្រាប់តែយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនឯងបែបនេះ ហើយគេឃើញគាត់ព្យាយាមដកកាំបិតដែលជាប់ពោះហូរឈាមជោកនោះ ប៉ុន្តែដកមិនរួច ក៏ដួលសន្លប់បាត់ទៅ។
របាយការណ៍ដដែលបន្តទៀតថា ករណីនេះសមត្តកិច្ចជំនាញពាក់ព័ន្ធសហការ ចុះធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយបានធ្វើរបាយការណ៍ត្រឹមត្រូវ និងបានជួយសម្រួលបញ្ជូន ជនរងរបួសទៅសង្រ្គោះ រួមទាំងសន្ធិដ្ឋានជនរងរបួសអាចមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ៕ ប៉ឹម ពិន