ខេត្តកំពង់ឆ្នាំង ៖ ផ្ទះរបស់មន្រ្តីប៉ូលិស៣ខ្នងត្រូវអគ្គិភ័យឆេះខ្ទេច ក្នុងដែលមន្រ្តីនគរបាលរូបនោះចេញពីផ្ទះទៅប្រចាំការ រីឯប្រពន្ធទៅធ្វើការនៅរោងចក្រ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០ នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិស្រែប្រីយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ ជាកម្មសិទ្ធិរបស់លោក លី សំអាត ភេទប្រុស អាយុ៣៨ ឆ្នាំ ជាមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មិនមានអ្នកណានៅផ្ទះនោះទេ ដោយលោក លី សំអាត ជាប្តី ត្រូវទៅប្រចាំការនៅ ភូមិលាចចំណែកប្រពន្ធ របស់គាត់ទៅធ្វើការនៅរោងចក្រស្បែកជើង ។ ដោយឡែកកូនៗ២នាក់ទៅនៅជាមួយ ជីដូន។
ប្រជាពលរដ្ឋនៅកន្លែងកើហេតុបានប្រា់បឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្លិនឆ្ងៀម ប៉ុន្តែគេរកមិនឃើញលុះដល់ពេលកើតហេតុក៍ស្រាប់តែ មានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់មន្ត្រីនគរបាលខាងលើ យ៉ាងសន្ធោរសន្ធៅ តែម្តង ប្រជាពលរដ្ឋបានចេញទៅជួយអន្តរាគមន៍ និង ហៅរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចមកបាញ់ពន្លត់ផងដែរ ។ ប៉ុន្តែមិនអាចទប់បាននោះទេដោយភ្លើងបានឆេះពេញបន្ទុកទៅហើយ គឺបណ្តាលឲ្យឆេះខ្ទេចតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្ទះនេះមានទំហំ ៨ គុណនឹង ៩ ម៉ែត្រ ដែលមានជញ្ជាំងក្តា ក្រាលក្តា ប្រក់ក្បឿង៣ខ្នង ។ ត្រូវបានឆេះខ្ទេចទាំងស្រុងតែម្ដង ផ្ទះបាយទំហំ ៤គុណ៦ម៉ែត្រ ក៏ត្រូវឆេះខ្ទេចអស់ដែរ ។ ចំពោះសម្ភារៈខូចខាតមានស្រូវ២០បាវ អង្គរ ១៥០ kg លុយខ្មែរ 50 ម៉ឺនរៀល ប្រាក់ដុល្លារ ២ពាន់ដុល្លារ មាស ៥ជី ទូរទស្សន៍១ កង្ហារ១ ឯកសារគ្រួសារ និងសម្ភារជាច្រើនទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះគឺបណ្តាលមកពី ទុសេ្សចរន្តអគ្គិសនី ខណៈដែលម្ចាស់មិននៅផ្ទះបណ្តាលឲ្យឆេះរាលដាលតែម្តង រហូតដល់ឆេះខ្លាំងហើយ ទើបដឹង មិនអាចជួយបាន ៕ ចន្ថា