ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ស្រវឹងស្រា បើករថយន្តឡិចសុីស៥៧០ស៊េរីទំនើបទៅបុកខឿនសួនច្បារក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំ​ពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្ត​ឡិច​សុីស៥៧០​​មួយគ្រឿង ​ដែលម្ចាស់ស្រវឹង​ស្រា បាន​បើក​ទៅ​បុក​នឹង​ខឿនសួន​ច្បារ​ ពុះ​ចែកផ្លូវ​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យ​បែក​កង់​ ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ តែមិនមានគ្រោះ​ថ្នាក់​ដល់​ ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ និងអ្នកដំណើរនោះទេ។

ហេតុការណ៍​នេះដែរ​បានកើតឡើង​ នៅ​វេលាម៉ោង​១និង​៣០នាទី​ រំលង​អធ្រាត្រ​ ឈានចូលថ្ងៃពុធ ទី​៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ចំណុច​គល់​ស្ពាន​មុនីវង្ស​ចាស់​ ត្រើយខាងកើត​ ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ​ ។

បើតាម​ប្រភព​ពី​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​បីនាក់​ ដែល​គេ​ស្គាល់ថា​ ជាកូន​ថៅ​ឈើ​ នៅ​ច្បារអំពៅ​ បាន​បើក​រថយន្ត​ ម៉ាក​ឡិច​សុីស ៥៧០ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2U-0777 បានធ្វើដំណើរតាម​ផ្លូ​វ​ ជាតិ​លេខ​១​ ក្នុង​ទិសដៅ​ ពីកើតទៅលិច ក្នុង​ល្បឿនលឿន​ ដូចហោះ​ ព្រមទាំង​ស្រវឹងផងនោះ​ ខណៈមកដល់​ចំនុច​កើតហេតុ​ ក៏ស្រាប់តែ​​រេចង្កូត​ ទៅ​ខាង​ឆ្វេង​ដៃ​ ជ្រុលទៅបុក​នឹងខឿន​សួន​ច្បារ​ពុះ​ចែកផ្លូវ​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យ​ បែក​កង់​និង​កំពិត​ខាងឆ្វេង​ ធ្វើ​ឲ្យ​រថយន្ត​ ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង ​តែ​​មិនបង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ និងអ្នកនៅក្បែរកន្លែងកើតហេតុនោះទេ ហើយភ្លាមនោះដែរ​ អ្នកបើក​បរ​ ដែល​មាន​ជាតិ​ស្រវឹង​ទោរទន់​រូបនោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ច្បារអំពៅ​២​ឃាត់​ខ្លួន​ តែ​ការ​ឃាត់​ខ្លួន​នេះ​ មិនបាន​ដឹក​ជន​បង្កបើកបរ​យកទៅ​ប៉ុស្តិ៍នគរបាល​នោះទេ​ គឺ​ដឹក​អ្នក​បើកបរ​យកទៅ​ផ្ទះ​តែ​ម្តង​ ។

ក្រោយពេល​កើតហេតុ​ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ ឲ្យ​ម្ចាស់​ស្ទូច​យក​ទៅ​ជួសជួល​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ខ្វល់​ពី​ការ​ខូចខាត​សម្បត្តិ​របស់​រដ្ឋ​នោះ​ឡើយ ​៕ ភារ៉ា ដង្កោ


ចែករំលែក៖