ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះតូបលក់ខោអាវអស់២តូប ឆេះម៉ត នៅក្នុងឧទ្យានសុបិន្តចំការព្រីង

ចែករំលែក៖

ភ្នំពេញ​ ៖ មានអគ្គិភ័យមួយបានឆាបឆេះតូបលក់សំលៀកបំពាក់ និងតូបលក់ស្បែកជើងនិងកាបូបមួយកន្លែងនៅក្នុងសួនឧទ្យានសុបិន្តចំការព្រីង ដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់តូបរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គា ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចតូបលក់សំលៀកបំពាក់ ក្នុងបរិវេណឧទ្យានសុបិនចំការព្រីង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ២តូបដែលឆេះម្ចាស់តែមួយមានឈ្មោះ ថាច់ ចិន្តាម្លិៈ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ និងស្បែកជើង ស្នាក់នៅសង្កាត់គោកឃ្លាង។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា​​ នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីខាងក្នុងតូបលក់ខោអាវខាងលើ ទើ​ប នាំគ្នាស្រែកឆោឡោរយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់០៣បំពង់ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលជាក់ស្ដែង ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមលោក​វរសេនីយ៍ឯក ​ហួរ​ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ​ បានដឹកនាំកម្លាំងចុះអន្តរាគមន៍​ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ផងដែរ។

ចំពោះមូលហេតុទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះរាលដាលឡើង និងខូចខាត​សំភារៈ តូបលក់សំលៀកបំពាក់ចំនួន ២តូប និងតូបលក់ស្បែកជើងនិងសំភារៈផ្ស​ងៗមួយចំនួន​ទៀត ។

ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​ខាងលើនេះ ​សមត្ថកិច្ច​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ដោយពន្លត់រហូតរលត់ទាំងស្រុង នៅម៉ោង១១យប់​ថ្ងៃដដែលនេះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖