ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ នឹងកំណត់ទាំងការងារ និងទីតាំងដល់មន្រ្តីកាំសាប ប្រមាណ២០០នាក់ ក្រោយទទួលលិខិតអនុក្រឹត្យដល់ដៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចរំលាយភ្នាក់ងារកម្ពុជានាវាចរ ឬហៅថា កាំសាប ។មន្រ្តីអ្នកនាំពាក្យក្រសួងសាធរណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងនឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាកំណត់ការងារនិងទីតាំងជូនដល់មន្រ្តី កាំសាប បន្ទាប់ពីលិខិតនោះបានមកដល់ក្រសួងជាមុនសិន។

យោងតាម ឯកឧត្តម វ៉ា ស៊ីមសូរិយា មន្រ្តីអ្នកនាំពាក្យក្រសួងសាធារការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ទាក់ទងនឹងការងារសម្រាប់ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ត្រូវបានក្រសួងគិតគូរខ្លះៗដែរចំពោះតួនាទីនិងទីតាំង ដោយពេលនេះ ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ត្រៀមនឹងរៀបចំបើកកិច្ចប្រជុំមួយ ជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ដុ ដើម្បីពិភាក្សាលម្អិតលើរឿងចំពោះការៀបចំអចលនទ្រព្យ និងការធ្វើសមាហរកម្មសំរាប់មន្រ្តីរាជការ។

សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដោយសម្រេចរំលាយអង្គភាពកាំសាប ចាប់ពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩តទៅ ដោយប្រគល់ភារកិច្ចឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ជាអ្នកសម្របសម្រួលផ្ទេរក្របខ័ណ្ឌ និយោជក និងនិយោជិតរបស់អង្គភាពកាំសាបតាមលទ្ធភាព និងតម្រូវការជាក់ស្តែងចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬកំពង់ផែស្វយ័តភ្នំពេញ ឬកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យបានគ្រប់ៗគ្នា។ ភ្នាក់ងារកម្ពុជានាវាចរកាំសាប គឺជាក្រុមហ៊ុនចំណុះរដ្ឋមួយ ដែលត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ១៩៩៩ ដើម្បីសម្រួលពាណិជ្ជកម្មនៅច្រកចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

បច្ចុប្បន្នមានមន្រ្តី បុគ្គលិក កាំសាប មានចំនួនសរុបប្រមាណ២០០នាក់ ៕ស តារា


ចែករំលែក៖