ព័ត៌មានទាន់ហេតុការណ៍៖

អនិច្ចាហ្វូងសត្វស្វារស់នៅក្រុងព្រះសីហនុ ពេលនេះក៏រកទ្រនុំរស់នៅលែងបានដែរ ព្រោះត្រូវរដ្ឋបាលខេត្តនេះជម្លៀសចេញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ និងភ្ញៀវទេសចរជាតិ-អន្តរជាតិមួយចំនួន បានសម្តែងការហួសចិត្ត ចំពោះសកម្មភាព របស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានចាត់ទុកហ្វូងសត្វស្វា រស់នៅតាមដើមឈើមួយកន្លែង មានទីតាំងជាប់ឆ្នេរសណ្ឋាគារ៧ជាន់ ឬឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ថាបានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវតំបន់នោះ។

ផ្តើមពីបញ្ហានេះប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងព្រះសីហនុ និងភ្ញៀវទេសចរជាតិ-អន្តរជាតិភាគច្រើន បានបង្ហាញការសោកស្តាយ ចំពោះហ្វូងសត្វស្វា ដែលធ្លាប់បង្ហាញខ្លួនជូនភ្ញៀវទេសចរទស្សនា ឬឲ្យចំណី និងថតរូបកម្សាន្ត នៅគ្រប់រដូវកាល ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ចាត់ទុកថា បង្កការរំខាន និងនាំឲ្យបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ហើយត្រូវជម្លៀសចេញឲ្យទៅរស់នៅទីតាំងផ្សេង ដែលមានសុវត្ថិភាពតាមបែបធម្មជាតិ នៅឯខេត្តពោធិ៍សាត់ជំនួសវិញ។

ត្រង់ចំណុចនេះ ទាំងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន ហាក់បង្ហាញការហួសចិត្ត កាលបើហ្វូងសត្វស្វា ដែលធ្លាប់រស់នៅសុខសាន្ត នៅតំបន់ព្រៃឈើក្បែរឆ្នេរឯករាជ្យ ជាប់មាត់បឹងព្រែកទប់ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែពេលនេះ ក៏ត្រូវលាចាកទ្រនុំ ឬរកជម្រកជ្រកលែងបានទៀតហើយ នៅក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ដោយអាជ្ញាធរខេត្តនេះ សំអាងថា ហ្វូងសត្វស្វាទាំងនេះ បានរំខាន សាធារណជន និងបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ…។

បញ្ហានេះភ្ញៀវទេសចរ និងពលរដ្ឋរស់នៅក្រុងព្រះសីហនុខ្លះ ថ្លែងថា បើពិតជាដូចការអះអាង របស់អាជ្ញាធរពិតមែន គឺចាប់ពីពេលនេះតទៅហ្វូងសត្វស្វាទាំងនោះ គឺគ្មានឱកាសឈរតោងដើមឈើ លោតចុះលោតឡើង ដើម្បីបង្អួតរាង បង្ហាញភ្ញៀវទេសចរ កូនក្មេងតូចៗ អាចទស្សនា និងថតរូបលេងកម្សាន្តទៀតហើយ។

ចំពោះហ្វូងសត្វស្វារស់នៅតាមដើមឈើក្បែរឆ្នេរឯករាជ្យ ជាប់មាត់បឆងព្រែកទប់ ក្រុងព្រះសីហនុនេះ ត្រូវអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ អះអាងថា ពិតជាបានរំខានដល់សាធារណជន ភ្ញៀវទេសចរ និងបង្កឲ្យបាត់បង់សណ្តប់ធ្នាប់តាមផ្លូវសាធារណៈជាដើម ដែលទាមទារត្រូវចាប់យកចេញពីទីតាំងខាងលើ។ ហើយថា ហ្វូងសត្វស្វាទាំងនេះ ត្រូវនាំយកទៅកាន់ព្រៃធម្មជាតិ ដែលមានសុវត្ថិភាព នៅខេត្តពោធិ៍សាត់ជំនួសវិញ..។

តាមសេចក្តីជូនដំណឹង មានចុះហត្ថលេខា និងបោះត្រា ដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ឲ្យបានដឹងថា មូលហេតុ ដែលអាជ្ញាធរត្រូវជម្លៀសហ្វូងសត្វស្វា ចេញពីដើមឈើក្បែរទីតាំងក្បែរឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ គឺដោយសារហ្វូងសត្វស្វាទាំងនោះ រំខានដល់ប្រជាពល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈជាដើម..។

លោក នេន ចំរើន អះអាងថា ការចាប់សត្វហ្វូងសត្វស្វា ចេញពីតាមដើមឈើនៅម្តុំឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ក៏មានការឯកភាពពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុដែរ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទាក់ទិនការចាប់ហ្វូងសត្វស្វា ឲ្យអស់ចេញពីក្រុងព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖