ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ស៊ិន វុទ្ធី អញ្ជើញចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រមាណជាង ៥០០ហិកតារបស់បងប្អូនប្រជាកសិករនៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ លោករដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណេីរដោយអគ្គនាយកកិច្ចការបច្ចេកទេស ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជាង ៥០០ហិកតា នៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

មន្ត្រីបានអោយដឹងថា៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោកបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក ថាំង វិយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមានការចូលរួមពីមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រមាណជាង ៥០០ហិកតារបស់បងប្អូនប្រជាកសិករនៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការក៏បានជួបសំណេះណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករ ដោយបានស្តាប់នូវការលំបាក និងសំណូមពររបស់ពួកគាត់ ។ ជាការឆ្លេីយតប ឯកឧត្តមរដ្ឋលេខាធិការ បានធ្វេីការផ្តាំផ្ញេី ដល់មន្ត្រីមន្ទីរ និងមន្ត្រីនាយកដ្ឋានធារាសាស្ត្រកសិកម្មឲ្យបំពេញការងារនេះបានចប់ចុងចប់ដេីម និងបានពាំនាំសំណូមពររបស់បងប្អូនប្រជាកសិករស្នេីសុំដំឡេីងស្ថានីយបូមទឹកអចល័តចំនួន ០១កន្លែង ជូនលោករដ្ឋមន្ត្រី ដេីម្បីពិនិត្យ និងសម្រេច បងប្អូនប្រជាកសិករបានសម្តែងនូវទឹកចិត្តសប្បាយរីករាយចំពោះការចុះជួយអន្តរាគម៍បូមទឹកបានទាន់ពេលវេលារបស់ថ្នាកដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីអមដំណេីរ ហេីយសង្ឈឹម និងជឿជាក់ថានឹងទទួលបាននូវការឆ្លេីយតបជាវិជ្ជមាន ចំពោះសំណេីសុំសាងសង់ស្ថានីយបូមទឹកខាងលេី៕ សុខ ខេមរា


ចែករំលែក៖