ខេត្តកណ្ដាលៈ យុវជន២នាក់បានទិញស្រាយកមកផឹក លុះផឹកស្រវឹងបានទាក់មាត់ទាក់ក.ពាក្យសម្ដីជាមួយគ្នាអំពីរឿងលុយ២ម៉ឺនរៀល ធ្វើឲ្យជនយុវជនម្នាក់យកកាបិតផ្គាក់កាប់ទៅលើយុវជនម្នាក់ទៀតដែលជាគូរកនផឹកជាមួយគ្នា បណ្ដាលឲ្យរងរបួស ឃើញដូច្នោះបុរសម្នាក់ជាបងជនរងគ្រោះបានចូលទៅជួយឃាត់ក៏ត្រូវមួយកាំបិតបន្ថែមទៀតផងដែរ ។
ករណីហិង្សាយដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថន ប៊ុនថេត ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ២នាក់ ទី១-ឈ្មោះ នី វាស្នា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានរបួសស្មាខាងស្ដាំ ) ទី២-ឈ្មោះ នី នឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ (មានរបួសនៅក្បាលផ្នែកខាងមុខ) ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំបិតផ្គាក់ចំនួនមួយ (ជារបស់ជនសង្សយ័) និងដែកបំពង់ទីបចំនួនមួយដើម (ជារបស់ជនរងគ្រោះ)។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ២១ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាទិញស្រាយកមកផឹក លុះផឹកបានមួយសន្ទុះជនរងគ្រោះនិងជនសង្ស័យមានសភាពស្រវឹង ក៏និយាយទាក់មាត់ទាក់ក.គ្នា ពីរឿងលុយខ្ចីគេចំនួន២ម៉ឺនរៀល ។ បន្ទាប់ពីមានការជជែកទាស់ពាក្យសម្ដីគ្នារួច ភ្លាមនោះជនរងគ្រោះឈ្មោះ នី វាស្នាក៏បានមកផ្ទះមុន រីឯឈ្មោះ ថន ប៊ុនថេត ក៏ទៅផ្ទះរបស់ខ្លួនរួចយកកាំបិតដើរសំដៅទៅរកជនរងគ្រោះឈ្មោះ នី វាស្នា បានជួបគ្នានៅចំណុចផ្លូវខាងមុខផ្ទះឈ្មោះម៉ន សុងហេង រួចក៏បានទាក់ពាក្យសំដីគ្នាម្ដងទៀត ខណៈនោះ ឈ្មោះ នី វាស្នា កាន់ដែកបំពង់ទីប ចំណែកឈ្មោះថន ប៊ុនថេត (ជនសង្ស័យ)ក៏បានយកកាំបិតកាប់ត្រូវឈ្មោះ នី វាស្នា ត្រូវចំស្មាខាងស្ដាំ១កាំបិតឃើញដូច្នេះឈ្មោះ នី នឿន ត្រូវជាបងប្រុសបង្កើតឈ្មោះ នី វាស្នា ក៏ចូលទៅឃាត់ ភ្លាមនោះជនសង្ស័យឈ្មោះ ថន ប៊ុនថេត ក៏យកកាំបិតកាប់ទៅលើឈ្មោះ នី នឿន មួយកាំបិតចំក្បាលបន្ថែមទៀត រួចក៏រត់គេចខ្លួនបាត់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលរបួសនៅពេទ្យប្រតិបត្ដិស្រុកស្អាង។
ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍ក៏បានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ