ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ត្រូវបានរថយន្តធុនធំ កិនស្លាប់គៀបជាប់កង់រថយន្ត គួរឲ្យរន្ធត់ បន្ទាប់ពីជិះម៉ូតូជ្រុលទាក់ដៃចង្កូតគ្នាហើយដួលចូលកង់រថយន្តតែម្តង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនរងគ្រោះឈ្មោះ សាំង សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ ជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក មកលេងនៅកម្ពុជា ជាង២ខែមកហើយ ដោយស្នាក់នៅផ្ទះបងប្អូន ក្នុងបុរីពិភពថ្មី ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ឃ្លីក ពណ៌ទឹកក្រូច លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-4320 ជាមធ្យោបាយ ។ ចំណែករថយន្ត ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0179 ដឹកបង្គោលភ្លើង បើកបរដោយឈ្មោះ មិញ រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
តាមប្រភពនៅកន្លែង អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវណតប្រីដ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានជ្រុលទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងមួយគ្រឿង ធ្វើឲ្យជនរងគ្រោះ ដួលខ្ទាតទៅចូលកង់រថយន្តដឹកបង្គោលភ្លើង កិនស្លាប់មួយរំពេចជាប់នឹងកង់រថយន្ត ចំណែកម៉ូតូម្ខាងទៀត មិនដួលបានបន្តដំណើរទៅបាត់ ។ ប្រភពបន្តទៀតថា ដោយឃើញសភាពមិនស្រួល រថយន្តកិនមនុស្សស្រាប់ អ្នកបើកបររថយន្ត ចុះព្យាយាមរត់គេច រហូតដល់ ផ្លូវ២០០៤ ទើបកម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន ។
ក្នុងេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ មនុស្សស្លាប់គៀបជាប់កង់រថយន្ត សរបពេលគ្នានោះ មានម៉ូតូ ម៉ាកស្កុបពីពណ៌ក្រហមមួយគ្រឿងជិះគ្នា២នាក់ ប្តីប្រពន្ធ ដំណើរឆ្លងកាត់កន្លែងកើតហេតុ គ្រាន់តែក្រឡេកឃើញ សាកសពក្នុងសភាពស្លាប់បែបនេះ ស្រ្តីជាភរិយា ជិះពីក្រោយ កើតមានអការ ទន់ដៃជើង ងងឹតមុខ រកកល់ធ្លាក់ពីលើម៉ូតូ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្នុងហេតុករណ៍ ស្ទុះរត់ទៅចាប់ ដាក់ឲ្យអង្អុយ គក់ច្របាច់ មួយសន្ទុះ ស្វាងបន្តិច ត្រូវបានប្តីឌុបជូនយកទៅពេទ្យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួច សាកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ បងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕ តុង សីហា