ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានដេញឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់កំពុងជិះម៉ូតូតាមផ្លូវទៅសាលារៀន កាលពីវេលាម៉ោង ១និង ៣០ នាទីរសៀលថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង មុខរោងចក្រ កអីខាង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើរួមមាន៖ ទី១ ឈ្មោះ ចាន់ វឌ្ឍនៈ អាយុ១៩ ឆ្នាំមុខរបរ ចុងភៅ ស្នាក់នៅខណ្ឌចំការមន។ ទី២ឈ្មោះ សន ធិ អាយុ១៨ ឆ្នាំមុខរបរ ជាងពិដាន ស្នាក់ផ្ទះជួលម្ដុំសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះឈ្មោះ ផូ ដាណែត អាយុ១៦ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមសម្ដីរបស់ជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតម៉ាក Net តែម្នាក់ឯងក្នុងគោលបំណងទៅសាលារៀន លុះដល់ចំណុចមុខរោងចក្រ អីខាង ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខស្វាយរៀង 1K-0121 តាមមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ភ្លាមៗនោះ ជនសង្ស័យ២នាក់បានព្យាយាមជិះរត់គេចរហូតមកដល់ចំណុចស្ដុបលូ៥ ក៏ត្រូវជនរងគ្រោះជិះម៉ូតូមកតាមទាន់ស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យរហូតជិះទៅបុកគូថរថយន្ដដែលធ្វើដំណើរតាមផ្លូវក៏ត្រូវប្រជាពលរដ្ឋសហការណ៍ជាមួយសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកមកប៉ុស្ដិ៍ភ្លាមៗតែម្ដង រួចក៏បានយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែនដោយសារគ្មានលុយបង់ថ្លៃផ្ទះជួល ។
បច្ចុប្បន្ននេះ សង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣កំពុងធ្វើការសួរនាំ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ភារ៉ា ដង្កោ