ខេត្តស្វាយរៀង៖ នារីម្នាក់ត្រូវបានក្មួយ និងក្រុមគ្រួសារក៏ដូចជាអ្នកភូមិប្រទះឃើញលង់ទឹកអូរខាងត្បូងផ្ទះបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចជំនាញមកពិនិត្សសព ខណៈជំងឺប្រកាច់រើឡើង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅសុក្រ ៤កើត ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល ស្ថិតនៅភូមិព្រៃផ្ដៀក ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា នារីរីរងគ្រោះមានឈ្មោះ ងិន ដា អាយុ35ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃផ្ដៀក ឃុំក្រសាំង ស្រុករមាសហែក ។
តាមក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា គាត់គឺមានជំងឺប្រកាច់ជាប្រចាំយូរឆ្នាំមកហើយ ខណៈបានទៅព្យាបាលនៅមន្ទីរពេទ្យ ដោយបានផឹកថ្នាំដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ចេះតែទ្រាំតាមព្រេងវាសនា ។
ដោយមុនកើតហេតុ ពេលព្រឹក ឃើញគាត់ បានដើរទៅជញ្ជាត់ត្រីនៅអូរខាងត្បូងផ្ទះ ចម្ងាយ200ម៉ែត្រ ដូចសព្វដង ដោយក្រុមគ្រួសារមិនបានចាប់អារម្មណ៍អ្វីនោះទេ រហូតដល់មានការងឿងឆ្ងល់ ដោយបាត់មិនឃើញនៅផ្ទះ ក៏នាំគ្នាដើររក ស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញសពនៅក្នុងអូរបាត់ទៅហើយ ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅបូជាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន