ព័ត៌មានទាន់ហេតុការណ៍៖

ឡើងលើដំបូលផ្ទះពលរដ្ឋ ប្រុងលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ដឹងខ្លួនស្រែកចោរផ្អើលសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះ ពលរដ្ឋប្រុងលួចទ្រព្យសម្បត្តិ ខណៈនោះត្រូវសត្វឆ្កែព្រូសខ្លាំងពេក ធ្វើឲ្យម្ចាស់ផ្ទះដឹងខ្លួនទាន់ពេល ក៏បើកទ្វារចេញក្រៅ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងនៅលើដំបូលផ្ទះ ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋានជិះល្បាតក្បែរនោះ ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗតែម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ ២០១៩ នៅចំណុចផ្ទះជួលលេខ០៣៥ផ្លូវ៦០ ក្រុម៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គួច សិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀនក្នុងខ្លួន) ។ចំណែកឯជនរងគ្រោះឈ្មោះ វណ្ណ យុន្នី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់នៅ ផ្ទះជួលកើតហេតុខាងលើ ។

មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ ២០១៩ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះ កំពុងតែដេកនៅក្នុងផ្ទះយ៉ាងស្កប់ស្កល់ ស្រាប់តែឮសូរសំទ្បេងឆ្កែព្រូសខ្លាំងពេក ក៏បើកទា្វរផ្ទះចេញមកមើល ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ កំពុងក្រាបពួននៅលើដំបូងផ្ទះ ហើយជនរងគ្រោះក៏ស្រែកថាចោរៗ ផ្អើលដល់អ្នកជិតខាងតែម្តង ។ ភ្លាមនោះដែរ គាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដា្ឋន ឃើញក៏ជួយធើ្វអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ សាកសួរផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ អារុណរះ


ចែករំលែក៖