ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ មកប្តឹងសមត្ថកិច្ច រឿងប្រពន្ធក្មេងអាយុ១៧ឆ្នាំ រត់ចោល

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យចំណាស់មានអាយុ៥៣ឆ្នាំ បានដាច់ចិត្តចូលមកសាលាឃុំរលួស ដើម្បីដាក់ពាក្យបណ្តឹង ប្តឹងប្រពន្ធរបស់ខ្លួន ដែលមានវ័យ១៧ឆ្នាំ ទើបនឹងរៀបការថ្មីថ្មោងហើយបានចុះចេញពីផ្ទះ ដោយមិនប្រាប់ដំណឹង ហើយករណីនេះ បុរសជាប្តីបានដាក់ពាក្យបណ្តឹងទារថ្លៃបណ្តាការមកវិញ ។

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោកសាត ឧស្សា ភេទប្រុស អាយុ៥៣ឆ្នាំ បានរៀបរាប់ប្រាប់អ្នកកាសែត ថា លោកបានដាច់ចិត្តចូលទៅសាលាឃំុរលួស ដើម្បីដាក់ពាក្យបណ្តឹងទៅលើប្រពន្ធរបស់ខ្លួនដែលមានវ័យ១៧ឆ្នាំរត់ចោល។

លោកបន្តទៀតថា លោកបានចាប់ដៃគ្នារៀបការនៅខែមីនា ឆ្នាំ២០១៨ ប្រមាណជាជិតមួយឆ្នាំទៅហើយ ជាប្រពន្ធឈ្មោះ ច័ន្ទ សុធារី ប៉ុន្តែការរស់នៅហាក់ដូចជាមិនចុះសម្រុងនឹងគ្នាសោះ (ឈ្លោះគ្នារាល់ថ្ងៃ) រហូតមកដល់ពេលនេះ ចុះចោលដោយមិនប្រាប់ លោកសម្រេចដាក់ ពាក្យបណ្តឹងទាមទារថ្លៃបណ្តាការមកវិញចំនួន៦.០០០ដុល្លារ សហរដ្ឋអាមេរិក ។

ចំណែកលោក ច័ន្ទ ថ្លៃ ដែលត្រូវជាឪពុកស្រ្តីវ័យ១៧ឆ្នាំ បានរៀបរាប់ឲ្យដឹងថា លោកនៅមិនទាន់ដឹងច្បាស់ពីការប្តឹងផ្តល់នេះឡើយ តែលោកនិយាយថា ឥឡូវនេះលោករវល់ពេក ចាំទំនេរសិន នឹងរកពេលដោះស្រាយគ្នា ។ លោកបន្តថានេះជារឿងគ្រួសាររបស់កូនគាត់ ហើយបើកូនរស់នៅមិនមានសេចក្តីសុខ គឺនាង(កូន) មានសិទ្ធិចុះចេញ ដើម្បីរកផ្លូវគ្នាដើររៀងខ្លួន ព្រោះលោកមិនអាចបង្ខិតបង្ខំកូនបានទេ។

ទាក់ទឹននឹងករណីនេះដែរ អ្នកព័ត៌មានមិនអាចទំនាក់ទំនងសុំការពន្យល់ពីលោកមេឃុំរលួស ស្រុកប្រាសាទបាគងបានទេ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី


ចែករំលែក៖