ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរី៩៥បុកបុរសម្នាក់ បើកម៉ូតូស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តកាមរីបុកបណ្តាលឲ្យស្លាប់ គ្រាដែលជិះម៉ូតូប្តូរគន្លងផ្លូវ មិនបានប្រយ័ត្នកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកនាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត សួន នីប៉ូ បញ្ជាក់ថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ ឃួន សាវៀន ភេទប្រុសអាយុ ៧២ឆ្នាំ នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ស្លាប់) ។ ចំណែករថយន្តម៉ាកកាមរី ពណ៌ ខ្មៅ ស៊េរី១៩៩៣ ពាក់ស្លាកលេខ ប.មានជ័យ.2A .2822 អ្នកបើកបរឈ្មោះ ពេជ្រ វណ្ណដារ៉ា ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបន្ងែមថា៖ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ពីកើតទៅលិច ប្តូរគន្លងទិសមិនប្រយ័ត្ន ចំណែករថយន្តធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន កន្លែងទីប្រជុំជន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់ ។ ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោកខេត្ត បាននាំយកអ្នកបើកបររថយន្ត និងវត្ថុតាង ទៅកន្លែងការិយាល័យជំនាញ ដើម្បីរក្សាទុកនិងរៀបចំសំណុំរឿងតាមច្បាប់ ៕ វណ្ណា


ចែករំលែក៖