ប៉ោយប៉ែត៖ មន្ត្រីស៊ីម៉ាក់បានសម្រេចចិត្តកម្ទេចចោល ឧបករណ៍ដែលសង្ស័យគ្រាប់បែកបង្កៃ នៅក្បែរកាស៊ីណូច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសួនច្បារខាងមុខកាស៊ីណូ ហ្គោដិនក្រោនក្បែរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ឧបករណ៍ដែលគេសង្ស័យថា ជាគ្រាប់បែកកំណត់រយះពេលនេះ មានលក្ខណៈ ដូចគ្រាប់បែកក្នុងរឿងកុន ដែលមានខ្សែភ្លើងខៀវ ក្រហម និងមានលេខនាទីដើរថយក្រោយ ដាក់ក្នុងប្រអប់ពណ៌ស ទំហំ២គុណ២តឹក ប្រវែង៣តឹក ។
សមត្ថកិច្ចប្រាប់ថា ឧបករណ៍ដែលជនមិនស្គាល់មុខលួចដាក់បង្កៃត្រូវបានប្រទះឃើញមុនពេលបន្ទុះចោល ប្រហែលជា២ម៉ោង បានដាក់ក្នុងបន្ទប់ទឹកកាស៊ីណូហ្គោដិនក្រោន បន្ទាប់មកត្រូវបានសន្តិសុខយកចេញមកក្រៅដាក់ក្បែរសួនច្បារ និងរាយការណ៍ប្រាប់សមត្ថកិច្ចរួចយកកង់រថយន្តដាក់គរលើឧបករណ៍ខាងលើការពារក្រែងផ្ទុះមុនមន្ត្រីជំនាញស៊ីម៉ាកមកដល់ ។
ក្រោយសមត្ថកិច្ចដាក់កង់រថយន្តការពារផ្ទុះរួច មន្ត្រីជំនាញស៊ីម៉ាកបានរៀបចំដាក់បំផ្ទុះកម្ទេចចោល នូវឧបករណ៍ខាងលើតែមិន បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយក្នុងហេតុការណ៍បំផ្ទុះនោះបានធ្វើឲ្យខូចខាតកញ្ចក់ជញ្ជាំងកាស៊ីណុ មួយផ្ទាំង ។
គួរបញ្ជាក់ថា រហូតមកទល់នឹងម៉ោង៩យប់ នៅថ្ងៃដដែលនេះ មិនទាន់មានសមត្ថកិច្ច ឬជំនាញណាមួយ បញ្ជាក់ប្រភេទឧបករណ៍នេះឲ្យបានច្បាស់នៅឡើយទេ គ្រាន់តែមានការសង្ស័យគ្រឿងផ្ទុះ ទើបកម្ទេចចោលតែម្តង ។
ក្នុងហេតុការណ៍នោះដែរ កម្លាំងនគរបាលអន្តោប្រវេសន៍បានបុរសជនជាតិខ្មែរម្នាក់ទៅសួរនាំក្នុងករណីខាងលើនោះផងដែរ ៕ វណ្ណា