ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់បានក្រុមកាច់សោកម៉ូតូ២នាក់ ក្រោយពីធ្វើសកម្មភាពកក្រើកក្នុងក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យក្រុមកាច់សោ កម៉ូតូ ដ៏កក្រើកក្នុងក្រុងកំពង់ឆ្នាំង ចំនួន២នាក់ត្រូវបានសមត្ថកិច្ច នគរបាលក្រុង និងខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានហើយកាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ១. ឈ្មោះ សេង គឹមហា ភេទប្រុស អាយុ២២ឆ្នាំ ជាមេខ្លោង មានទីលំនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២ .ឈ្មោះ ឆេង កូរ៉េ ហៅ តូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុខសញ្ញាលួចកាច់កម៉ូតូទាំង២នាក់ក្នុងចំណោមបក្ខពួក៤នាក់នេះ បានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង យកបានចំនួន៣គ្រឿង ជាបន្តបន្ទាប់ នៅពេលដែលប្រជាពលរដ្ឋដាក់នៅកន្លែង និង មុខផ្ទះ ក្រោយពីលួចបានក្រុមគេ បាននាំយកគ្នាយកទៅលក់នៅរាជធានីភ្នំពេញ ហើយក្រោយពីធ្វើសកម្មភាព ហើយលាក់ខ្លួនអស់រយៈពេល៣ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវ ហើយតាមចាប់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យបានត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកា ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖