ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅទីរួមខេត្តកោះកុងបន្ដអត់ទឹកប្រើប្រាស់ជិត១០ថ្ងៃមកហើយ

ចែករំលែក៖

ខេត្តកោះកុង ៖ រហូតមកដល់ថៃ្ងចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅក្នុងទីរួមខេត្តកោះកុង និង មួយផ្នែកនៅស្រុកមណ្ឌលសីមា កំពុងតែ បន្ដជួបបញ្ហាអត់មានទឹកប្រើប្រាស់អស់ រយៈពេលជិត១០ថ្ងៃមកហើយ ធ្វើឲ្យពួកគាត់ជួបផលលំបាកយ៉ាងខ្លាំងត្រូវសន្សំ សំចៃទឹក ដែលបានស្តុកទុកនៅក្នុងពាង ឬអាង ។

ប្រភពបានបញ្ជាក់ថា ចំពោះមូលហេតុអំពីករណីអត់មានទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទីរួមខេត្តកោះកុងខាងលើនេះ មិនទាន់មានការបញ្ជាក់អំពីមូល ហេតុច្បាស់លាស់ពីខាងមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្ត និងមន្ដ្រីជំនាញខេត្តនៅ ឡើយនោះទេ ។

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅទីរួម ខេត្តកោះកុងបានឲ្យដឹងថា ពួកគាត់អត់មានទឹកប្រើប្រាស់ពីរដ្ឋអស់រយៈពេលជិត១០ថ្ងៃមកហើយ រហូតមកដល់ថ្ងៃនេះដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្ន ត្រូវប្រើទឹកនៅក្នុងពាងឬអាងដែលបាន ស្តុកទុក និងបានបូមរក្សាទុកកាលពីពេលកន្លងទៅ ។

បើតាមប្រជាពលរដ្ឋកង្វះខាតទឹកប្រើប្រាស់ អាចនឹងអូសបន្លាយរហូតដល់មួយសប្តាហ៍ទៀតឯណោះ ដូច្នេះពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធព្រមទាំងរដ្ឋាករទឹកនិងក្រុមហ៊ុនលី យ៉ុងផាត់ គ្រុប ដែលជាអ្នកផ្តត់ផ្តង់ទឹកនោះ មេត្តាពន្លឿនបញ្ហានេះ ចៀសអូសបន្លាយស្ថានភាពដ៏លំបាកនេះបន្តទៀ ត។

សូមជម្រាបផងដែរថា កាលពីខែមុន ករណីអត់មានទឹកប្រើប្រាស់នេះក៏មានការកើតឡើងរួចម្ដងមកហើយដែល ដោយកាលនោះប្រជាពលរដ្ឋអត់មានទឹកប្រើប្រាស់ អស់រយៈពេល១សប្តាហ៍ដោយមូលហេតុទុយោមេនាំទឹក របស់ក្រុមហ៊ុនលីយ៉ុងផាត់ បានបែកនាំឲ្យទឹកបានបែកធ្លាយនៅតំបន់ជ្រោះតាប៉ន។

ដោយពេលនោះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានដាក់ ចេញវិធានការដំណោះស្រាយជាបឋមនៅចំពោះមុខនោះ គឺអាចឲ្យសមត្ថកិច្ចដឹកទឹកចែកជូនប្រជាពលរដ្ឋសិនទំរាំ មន្រ្តីជំនាញ និងក្រុមហ៊ុនអាចទាញទឹកទៅចែកជូន បាន ៕ ហេង នរិន្ទ្រ


ចែករំលែក៖