ខេត្តកណ្តាល ៖ នៅវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចក្រោមផ្ទះជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ ជន សង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅស្នាក់ នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុក បង្កើតជនរងគ្រោះ)។
វត្ថុតាងចាប់យក ដំបងដែកបួនជ្រុង ប្រហោង ក្នុងរាងជាលេខ៧ប្រវែង១.១០ គុណ២.៥សង់ទីម៉ែត្រ មាន ប្រឡាក់ឈាម , ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២គុណ៦សង់ទីម៉ែត្រ, អាវដៃវែង ក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទ កីឡា ពណ៌ទឹកដោះគោ មាន ឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវរបស់ជន សង្ស័យស្លៀក ធ្វើសកម្មភាព។
ស្ថានភាពសពជនរងគ្រោះ សភាព សាកសព ដេកផ្កាប់មុខ ក្បាលបែរទៅទិស ខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ, មានស្នាម របួសលើថ្ងាសចំហៀងខាងស្តាំ ៦កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូប ការគេ ជាមួយចៅស្រី អាយុ៤ឆ្នាំ នៅក្នុង ភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូត ដល់ម៉ោង៨និង១០នាទីយប់ ទើបត្រឡប់ មកផ្ទះវិញដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។
ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២រំលងអាធ្រាត្រ ស្រាប់តែជនរងគ្រោះជា កូនឈ្មោះ ផង់ បានត្រឡប់មកពីហូបការ គេក្នុងភូមិស្រែកឡូឡាជេរឪពុក រួចឪពុកបានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេកទៅ ។ ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុងវាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតពេលជនរងគ្រោះ ដើរទៅដេកលើ អង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតដល់ស្លាប់ រួចបោះដែកចោលខាងលិចផ្ទះហើយចូលសម្រាក ទល់ភ្លឺ ។
ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាម នីតិវិធី៕ ហេង នរិន្ទ្រ