ភ្នំពេញៈ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយកម្មវិធីប្រគល់ និងទទួលប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គម ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាននៅព្រឹកថ្ងៃអង្គារ៨ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៩នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន ប្តេជ្ញាជំរុញនិងពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានចេញនៅពេលឆាប់ៗនេះ ដើម្បីធានាឲ្យសង្គមកាន់តែទទួលព័ត៌មានទូលំទូលាយងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ក្រសួងកំពុងរៀបចំនីតិធីនៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលបានដំណើរការទៅមុខយ៉ាងរលូន ហើយគ្រោងនឹងបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗនេះហើយ។
លោកបានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបន្ថែមទៀត ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។
ការពន្លឿននៃការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននេះធ្វើឡើងគឺសំដៅឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិល មួយចំនួនបានស្នើទៅស្ថាប័នរដ្ឋធំៗរបស់កម្ពុជា ដើម្បីឲ្យជួយពន្លឿនអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានឆាប់និងលឿន។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន៩ជំពូក និង៣៨មាត្រា ដោយ ត្រូវបានរៀបចំតាក់តែងឡើង កាលពីឆ្នាំ២០១៤ ឆ្លងកាត់ការជជែកពិភាក្សាយ៉ាងល្អិតល្អន់ រួមទាំងបើកអង្គសិក្ខាសាលាជាមួយអ្នកច្បាប់ និង អង្គការសង្គមស៊ីវិលជាច្រើន ៕ ប្រាថ្នា