បេក្ខភាពប្រធានាធិបតីអ៊ុយក្រែន មកពីគណបក្ស Batkivshchyna លោកស្រី Yulia Tymoshenko បានប្រកាសទៅកាន់ក្រុមអ្នកគាំទ្រថា លោកស្រី នឹងដណ្តើមយកតំបន់គ្រីមៀពីរុស្ស៊ីមកវិញ ។ លោកស្រី គឺជាអ្នកនយោបាយដែលមានទស្សនៈគាំទ្រ អឺរ៉ុប ប្រឆាំងរុស្ស៊ី ។
ពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រី លោកស្រី Yulia Tymoshenko បានប្រកាសថា ប្រសិនបើលោកស្រីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនាពេលខាងមុខ លោកស្រី នឹងយកតំបន់គ្រីមៀពីដៃរុស្ស៊ីមកឲ្យអ៊ុយក្រែនវិញ ។
ការប្រកាសខាងលើ របស់លោកស្រី Yulia Tymoshenko ក្នុងពេលដែលជួបជាមួយអ្នកគាំទ្រ គណបក្ស Batkivshchyna ក្នុងពេលឃោសនាបោះឆ្នោត ។ លោកស្រីបានបញ្ជាក់ថា «យើងចាំបាច់ត្រូវតែយកតំបន់គ្រីមៀពីរុស្ស៊ីមកវិញដើម្បីបំពេញរាល់ការខាត់បង់ដែលអ៊ុយក្រេនទទួលរងនាពេលកន្លងមក» ។
ក្រៅពីនេះ លោកស្រី Yulia Tymoshenko លោកស្រីចង់ឲ្យ អ៊ុយក្រែន ចូលជាសមាជិករបស់ណាតូដើម្បីអាចជួយការពារ ទឹកដីអ៊ុយក្រែនពីការគំរាមកំហែងរបស់រុស្ស៊ី។
ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រេន នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ខាងមុខ ដែលជាការបោះឆ្នោតមានបេក្ខភាពច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយមានបេក្ខភាពប្រធានាធិបតី ដល់ទៅ៤៤ រូប ។ នៅក្នុងការបោះឆ្នោត ឆ្នាំ២០០៤ មានបេក្ខភាព២៦រូប និងឆ្នាំ២០១៤មានបេក្ខភាពតែ ២១រូបប៉ុណ្ណោះ ៕