ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​អាយុ​ជាង១ខួបម្នាក់​ ត្រូវ​បានប្រពលរដ្ឋ​ប្រទះ​ឃើញ​ស្រែក​​យំ​ក្នុង​គំនរ​សំរាម បន្ទាប់ពីឪពុក​ម្ដាយ​យកមក​បោះ​បង់​ចោល

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងគួរឲ្យ​សង្វេគ​និង អាណិតយ៉ាងខ្លាំង ខណៈដែលក្មេង​ប្រុស​អាយុ​ជាង១ខួបម្នាក់​ ត្រូវ​បានឪពុក​ម្ដាយចិត្តអប្រិយបង្កើតគ្នាមកហើយ បែរជា​យក​គ្នាមក​បោះ​បង់​ចោល នៅក្នុង​គំនរ​សំរាម​ក្នុងដី​ឡូតិ៍​​មួយកន្លែង​ ហើយក៏ត្រូវ​ប្រពលរដ្ឋរស់នៅក្បែរនោះ​ប្រទះ​ឃើញ​ស្រែក​ទ្រហោ​យំ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ផងដែរ​ ។

ហេតុ​ការណ៍នេះ កើតឡើងតាំង​​ពី​ម៉ោង​៦ល្ងាច​​ ថ្ងៃ​អង្គារ ៨កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ រហូតបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលខ្លាំង​នៅ​ម៉ោង៩យប់ ត្រង់ចំណុច​ក្នុងដីឡូតិ៍​មួយ​កន្លែង ​ក្បែរ​គល់ស្ពាន​អាកាស​៥មករា ​ផ្នែក​ខាងកើ​ត​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

បើ​តាម​សម្តី​ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុន​ពេល​កើត​ហេតុ​ រូបគាត់​បាន​ឮសំឡេង​​ក្មេង​យំ​ចេញ​ពីកន្លែង​គំនរ​សំរាម ​ក្នុងព្រៃ​ស្មៅ​ ដើ​មត្រែងខាងលើ​ តែដំបូងឡើយ​គាត់មិនទាន់ចាប់អារម្មណ៍ទេ​ តែបន្តិចក្រោយមក​ ក៏លឺសម្លេងយំកាន់តែខ្លាំងឡើ​ង ធ្វើ​ឲ្យគាត់មាន​ការ​ងឿងឆ្ងល់​ ហើ​យ​ស្រែក​ប្រាប់​អ្នក​ជិត​ខាង​ រួច​ក៏​បបួលគ្នា​ដើ​រតាម​រក​មើ​ល​ ខណៈ​​នោះ​ក៏ស្រាប់​តែ​មាន​ក្មេង​ប្រុស​ខាងលើ​​ កំពុង​វាចេញ​មកពីកន្លែង​គំនរ​សំរាម ​ក្នុងព្រៃ​ស្មៅ​ ក្បែរដើ​មត្រែង ហើ​យស្រែក​ទ្រហោ​យំ​បណ្តើ​រ​ ​ព្រោះមាន​របួស​រលាត់ចិញ្ចើម​ចេញ​ឈាម​បន្តិចដែរ​​។

ប្រភពដដែលបន្តទៀតថា​ ដោយមើ​លទៅក្មេងប្រុសរូបនោះទំនងជាឃ្លានផង និង​មិន​ឃើ​ញ​មាន​ឪពុក​ម្តាយ ​ឬ​នរណា​ម្នាក់​នៅក្បែរ​នោះទេ​ ទើបពួកគាត់​បាន​នាំ​យក​ក្មេង​ប្រុស​នេះ​មក​ផ្ទះ​របស់​គាត់ ​ដែល​នៅក្បែរ​នោះ​ រួចជួយងូតទឹក​អោយស្អាត ដោយអ្នកជិតខាងខ្លះ បានទិញ​ទឹកដោះគោ​ និងដបទឹកដោះគោ យកមកដាក់ឲ្យ​ប៉ៅ​មួយសន្ទុះក្រោយមក​ក៏គេងលក់បាត់ទៅ​ ហើ​យ​គាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​មើ​ល​ និងជួយ​ស្វែងរក​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​ខាងលើ។

បន្ទាប់ពីសមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មកដល់កន្លែងកើ​តហេតុ​ បានប្រកាសរកឪពុកម្ដាយក្មេងនោះ តែមិនឃើញអ្នកណាម្នាក់​តាមមក​រកទេ​ ទើ​បសមត្ថកិច្ច​មូលដ្ឋាននាំក្មេងប្រុស​នោះ មកទីស្នាក់ការប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ​ទី​៣​ ។

បើតាមសម្តីលោក តឿ តាំងសារ៉ូ នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ​ទី​៣ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្មេងប្រុសខាងលើដោយមានការឯកភាពពីថ្នាក់លើ បានប្រគល់ឲ្យទៅខាងវិទ្យុក្នុងស្រុកមួយ ដើម្បីយកទៅចិញ្ចឹមបណ្ដោះអាសន្ន និងរងចាំប្រកាសរកសាច់ញាតិបន្ត ៕ស រស្មី


ចែករំលែក៖