ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានធ្វើសម្មភាពកាច់សោ.កម៉ូតូបានសម្រេច តែជិះរត់គេចខ្លួនបាន មួយម៉ោង ក៏ត្រូវម្ចាស់តាមទាន់ជិះដេញបុកបណ្តាលឲ្យដួល ឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារចាស់ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្ទះបោកអ៊ុត តាមបណ្ដោយផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ នី ហ៊ួច អាយុ ២៨ឆ្នាំ និងទី២-ឈ្មោះ ពេជ្យ សុវណ្ណ អាយុ ២៥ឆ្នាំ ជនសង្ស័យទាំង ២នាក់ មានមុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។
ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយសូគីឡែត ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GW-8385នៅមុខផ្ទះបោកអ៊ុត មួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ១៣០ រួចក៏ឡើងផ្ទះយកខោអាវប្រហែសជាកន្លះម៉ោង។ ខណៈពេលនោះ ជនរងគ្រោះបានចុះមកក្រោមវិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏ស្រែកផ្អើលឆោឡោ ហើយតាមរកមើលជាច្រើនម៉ោង លុះដល់វេលាម៉ោង ១០ព្រឹក ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូដើររកម្តងទៀត ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូរបស់ខ្លួននៅតាមបណ្ដោយផ្លូវលេខ១០៨ ក្បែរធានាគា កាណាឌីយ៉ា ភ្លាមៗនោះ ជនរងគ្រោះក៏ជិះសំដៅទៅបំបុកឲ្យជនសង្ស័យទាំង ២នាក់ដួល និងស្រែកផ្អើលឆោឡោ ភ្លាមៗនោះ ក៏ត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលនៅជិតនោះជួយដេញចាប់ ហើយប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់។
ជនរងគ្រោះបានបន្តទៀតថា អ្វីដែលជាបញ្ហានោះ គឺជនរងគ្រោះបានដេញតាមចាប់ជនសង្ស័យបានហើយ តែបែបជាសមត្ថកិច្ចប៉ុស្តិ៍ឲ្យជនរងគ្រោះសរសេរពាក្យបណ្តឹងដោយខ្លួនឯងទៅវិញ។ ប្រជាពលរដ្ឋមានការលើកឡើងថា នេះជាកិច្ចការរបស់សមត្ថកិច្ចដែលត្រូវបំរើប្រជាពលរដ្ឋ តែបែបជាសមត្ថកិច្ចមកប្រើប្រជាពលរដ្ឋឲ្យសរសេរពាក្យបណ្តឹងដោយខ្លួនឯងទៀត។
ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលមន្ត្រីប៉ុស្តិ៍នគរបាលផ្សារចាស់ផង ដែលមិនបានបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ៕ ជ្រោយពេជ្រ