ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្ដមិនមើលភ្លើងស្តុប ជ្រុលបុករះម៉ូតូ២គ្រឿង និងរថយន្ដមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដទៅដល់ស្ទុបក្រហមមិនឈប់ ក៏បានបុករះម៉ូតូ២គ្រឿង និងរថយន្ដព្រូសមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យភាគីខាងម៉ូតូម្នាក់រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង០៩ និង៤០នាទីយប់ ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2L-8701 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ស្ថិតក្នុងស្ថានភាពស្រវឹង ហើយមិនគោរពភ្លើងស្ដុបក្រហម ក៏បានជ្រុលចង្កូតទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BW-3107 ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត និងបុកម៉ូតូមួយគ្រឿង និងរថយន្តព្រូសមួយគ្រឿងទៀត នៅពីមុខ បណ្ដាលឲ្យរងការខូចខាត ព្រមទាំងធ្វើឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។ ភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរងគ្រោះយកទៅទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖