នៅពេលនេះ វេណេហ្ស៊ុយអេឡាបាន បង្កើនសម្ថភាពការពារព្រំដែន ខណៈអាមេរិកដាក់សម្ពាធឲ្យប្រធានាធិបតី ម៉ាឌូរ៉ូ លាលែងពីតំណែង។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កម្លាំងទាហានវេណេហ្ស៊ុយអេឡា បានបង្កើន សកម្មភាពយាមល្បាតនៅតាមបណ្តោយព្រំដែន ក្នុងពេលសហគមន៍អន្តរជាតិ ក្នុងនោះ មានអាមេរិកបានដាក់សម្ពាធ ទៅលើប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ឲ្យលាលែងចេញពីតំណែង ។
សកម្មភាពខាងលើ កើតឡើងក្រោយពេលដែល អាមេរិក បានគំរាម ជ្រៀតជ្រែកដោយយោធានៅក្នុងវិបត្តិ វេណេហ្ស៊ុយអេឡា ។ អាមេរិកបានគាំទ្រយ៉ាងខ្លាំង ដល់មេបក្សប្រឆាំងដែលតាំងខ្លួនថាជាប្រធានាធិបតីថ្មីរបស់វេណេហ្ស៊ុយអេឡា ។
លោក Manuel Castillo មេបញ្ជាការកងពល លេខ២១បានឲ្យដឹងថា កម្លាំងទាហានវេណេហ្ស៊ុយអេឡា ដាក់នៅក្នុងស្ថានភាព ត្រៀមលក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាម ។ កន្លងមក កាលពីថ្ងៃទី១១ ខែកុម្ភៈ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានបញ្ជាឲ្យកម្លាំង ទាហាន ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីទប់ទល់ការឈ្លានពានពីអាមេរិក ។
សមយុទ្ធអូសបន្លាយរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ហើយប្រធានាធិបតីម៉ាឌូរ៉ូ ចាត់ទុកថា ជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល២០០ឆ្នាំកន្លងមក ។ លោក ម៉ាឌូរ៉ូ បញ្ជាក់ថាកម្លាំងទាហាន នឹងការពារដែនអធិបតេយ្យ និងភាពស្របច្បាប់នៅក្នុងប្រទេស ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ការផលិតមាសរបស់វេណេហ្ស៊ុយអេឡា បានងាក់ទៅផលិតនៅក្នុងប្រទេសតួកគី ដោយសារតែខ្លាចមានបញ្ហាកើតឡើង នៅក្នុងប្រទេស ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយ ដំណើរការផលិតមាសរបស់វ៉េណេស៊ុយអេឡា នឹងត្រូវបានគេយកមកចម្រាញ់ នៅភាគកណ្តាលប្រទេសតួកគីគឺទីក្រុង Corum។
មាសរបស់ប្រទេសវេណេស៊ុយអេឡានឹងត្រូវបានធ្វើការកែច្នៃនៅ Corum យើងនឹងកែប្រែ Corum ទៅជាទីកន្លែងសម្រាប់ការធ្វើពាណិជ្ជកម្មមាសនិងទីក្រុងទៅកាន់ទីតាំង ល្អប្រសើរជាងមុននៅក្នុងវិស័យនេះ ។ លោក Erdogan បាននិយាយថា នៅក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នាការបោះឆ្នោតមួយ មុនការបោះឆ្នោតរដ្ឋបាលថ្ងៃទី៣១ ខែមីនា នៅក្នុងទីក្រុងនេះដែលស្ថិតនៅខាងកើតនៃរដ្ឋធានី Ankara។
ប្រទេសតួកគីដែលជាប្រទេសនៅក្នងសម្ព័ន្ធមិត្តណាតូមួយផងដែរ បានប្រកាសជាអ្នកគាំទ្រពីក្រោយ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ក្នុងពេលដែលប្រទេស កំពុងជួបវិបត្តិដ៏ជូរចត់ខណៈដែល កំពុងធ្វើការប្រឆាំងគ្នាជាមួយនឹងមេដឹកនាំបក្សប្រឆាំងលោក Juan Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្របច្បាប់ របស់ប្រទេសកាលពីខែមុននោះ៕