ខេត្តសៀមរាប៖ ឈ្មួញកំពុងតែចាក់ដីរំលោភយកដីមុខលូបង្ហូរទឹក យ៉ាងអនាធិបតេយ្យដោយគ្មានចំណាត់ការ ពីអាជ្ញាធរភូមិ សង្កាត់ជ្រាវ នោះទេ បើទោះបីមានសេចក្ដីរាយការណ៍យ៉ាងលំអិតពាក់ព័ន្ធនឹងរឿងនេះក៏ដោយ គឺ អាជ្ញាធរមានចេតនា ទុកឱកាសឲ្យឈ្មួញចាក់ដីលុបមុខលូ រំលោភយកដីជាកម្មសិទ្ធិ ដោយមិនគិតពីផលប៉ះពាល់ជំនន់ទឹក ឬជាចរន្ដផ្លូវទឹកសម្រាប់រំដោះ ឬសម្រាប់ស្រោចស្របដំណាំនោះទេ គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីប្រយោជន៍សាធារណៈឡើយ។
ជាក់ស្ដែងនៅថ្ងៃទី១២ , ១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មួញកំពុងចាក់ដី រំលោភយក ដីមុខលូបង្ហូរទឹក នៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប យ៉ាងរលូនគ្មានការរំខាន់ពីសំណាក់អាជ្ញាធរនោះឡើយ។
ពាក់ព័ន្ធនឹងការចាក់ដីរំលោភយកនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឆ្លើយតបក្នុងកិច្ចសម្ភាសថា លោកបានឲ្យខាងរដ្ឋបាល សហការជាមួយអាជ្ញាធរ សង្កាត់ជ្រាវទៅពិនិត្យហើយ ។ តែជាក់ស្ដែង ពុំឃើញមានអ្នកណាចុះទៅមើលឬហាមឃាត់នោះទេ ឃើញតែចាក់ដីបន្ថែមទៀត រហូតជិតរួចជាស្ថាពរ។
លោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវបានឲ្យដឹងថា ដីនោះ គឺគេចាក់រួចគេដាក់លូជាក្រោយ បើមិនធ្វើតាមទេ លោកនឹងបញ្ឈប់មិនឲ្យចាក់តទៅទៀតទេ។
ពលរដ្នថ្លែងថា លោកចៅសង្កាត់ ហាក់ដូចជាបំពាន់ច្បាប់ហើយ សូម្បីតែមុខលូបង្ហូរទឹកក៏លោក អនុញ្ញាតឲ្យឈ្មួញចាក់ដីលុបដែរ តើព្រោះតែលុយមែនទេ? ៕ ប៊ុនរិទ្ធី