ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោ ឡើងពីសំណាក់ម្ចាស់ម៉ូតូស្រែកហៅ អ្នកភូមិជួយស្វះស្វែងរកម៉ូតូរបស់ខ្លួន ខណៈ ដែលចតនៅមុខបន្ទប់ជួលហើយ ជាប់រវល់ចូលបន្ទប់ ដើម្បីមុជទឹកជម្រះកាយ លុះចេញមកវិញ ស្រាប់តែមិនឃើញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ៩ កើត ខែមាឃ ឆ្នាំច សំរិទ្ធិសក័ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ឡុង សុផាន់ណា អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកពេទ្យ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង ខណៈស្នាក់នៅបន្ទប់ជួល ក្នុងភូមិ ស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ចំណែកម៉ូតូដែលត្រូវជនសង្ស័យមិនស្គាល់ឈ្មោះ កាច់ក យកទៅបាត់ ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ១E ៣៧៣៤ ។
ប្រភពបន្តថា តាមជនរងគ្រោះម្ចាស់ម៉ូតូបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមកឈប់ចតនៅមុខបន្ទប់ជួល ហើយដោយមានការនឿយហត់ ក៏ចូលក្នុងបន្ទប់ទឹកដើម្បីជំរះកាយ បន្ទាប់ពីចេញពីបម្រើការងារនៅមន្ទីរពេទ្យ។ លុះប្រមាណ១៥នាទី ក៏ចេញមកអើតមើលម៉ូតូ ស្រាប់តែមិនឃើញ បង្កការភ្ញាក់ផ្អើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្ដង។
បច្ចប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើកំណត់ហេតុ និងស្រាវជ្រាវវែកមុខសញ្ញាមកផ្ដន្ទាទោសឲ្យខានតែបាន ៕ យឹម សុថាន