តោះ ទៅស្វែងយល់អំពីប្រវត្ដិ នៃបុណ្យ ដែលមានអាយុកាលរាប់សតវត្សរ៍នេះទាំងអស់គ្នា ។ ការចូលរួមរីករាយនៅថ្ងៃ បុណ្យ នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ពីសំណាក់យុវវ័យ ជាច្រើន ដោយចាត់ទុកថា ជាថ្ងៃដើម្បីបង្ហាញពីក្តីស្រឡាញ់ទៅវិញទៅមក ដោយមិនដឹងពីប្រវត្តិពិតនៃថ្ងៃនេះនោះឡើយ ។ តើថ្ងៃបុណ្យនៃក្តីស្រឡាញ់មានប្រវត្តិ កើតចេញពីទីណា?
ជារៀងរាល់ឆ្នាំ ថ្ងៃទី១៤ ខែកុម្ភៈ នៅសហរដ្ឋអាមេរិក ក៏ដូចជាកន្លែងផ្សេងទៀតជុំវិញពិភពលោក តែងប្រារព្ធវិធីបុណ្យនៃសេចក្តីស្រឡាញ់ មនុស្សម្នា តែងទិញ ស្ករគ្រាប់ ផ្កា និង អំណោយផ្សេងទៀត ជូនមនុស្សដែលខ្លួនស្រឡាញ់ ដូចជា ម្តាយ ឪពុក លោកគ្រូ អ្នកគ្រូ បងប្អូន និងមិត្តភក្តិ ។ តើអ្នកដឹងទេ ថាមូលហេតុអ្វីបានជាគេធ្វើវិធីបុណ្យនេះ ហើយមានដើមកំណើតមកពីណា?
ទិវានៃក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធជាយូរមកហើយ ទិវានៃក្តីស្រឡាញ់នេះ ជាប្រពៃណី រ៉ូម៉ាំងបុរាណ ។ មានតំណាលថា ក្នុងព្រះវិហារកាតូលិកមួយ មានអាចារ្យបីនាក់ ដែលមានឈ្មោះថា Valentinus(ឈ្មោះរបស់គាត់ទាំងបី គឺមានន័យថាថ្ងៃបុណ្យនៃក្តីស្រឡាញ់) ព្រះចៅ អធិរាជ្យ ក្លូឌីយ៉ាសទី2 បានចេញសេចក្តីប្រកាសថា បុរសនៅលីវ ត្រូវធ្វើជាទាហាន ហើយបុរសវ័យក្មេង ត្រូវបានដាក់បំរាម មិនឲ្យរៀបអាពាហ៍ពិពាហ៍ ។
លោកអាចារ្យ Valentine បានដឹងពីភាពអយុត្តិធម៌ នៃព្រះរាជក្រឹត្យនេះ ក៏បានប្រឆាំងនឹងព្រះចៅអធិរាជ្យ ក្លូឌីយ៉ាស ហើយលោកអាចារ្យ បានរៀបអាពាហ៍ពិពាហ៍ឲ្យគូស្នេហ៍វ័យក្មេង ដោយសម្ងាត់ ។ ក្រោយព្រះចៅអធិរាជ្យ ក្លូឌីយ៉ាស ជ្រាបពីសកម្មភាពនេះ ទ្រង់បានបញ្ជាឲ្យគេរៀបចំអន្ទាក់ដើម្បីចាប់លោកអាចារ្យValentine ប្រហារជីវិត ។
លោកត្រូវបានគេចោទថា បានសរសេរសំបុត្រស្នេហា ជាមួយកូនស្រីអ្នកទោសម្នាក់ ។ ក្រោយការប្រហារជីវិតលោក មនុស្សម្នាបានប្រារព្ធពិធីបុណ្យនេះ ដើម្បីរំលឹកគុណរបស់លោកអាចារ្យ Valentine សម័យកាលក្រោយៗមក ទិវានេះត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានគេដឹងថា វាជាពិធីបុណ្យដ៏សំខាន់សំរាប់ប្រទេសនៅអឺរុប ៕