ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស ២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលមកពីរថយន្តធុនធំមួយគ្រឿង បើកកៀរម៉ូតូ បណ្តាលឲ្យដួល នៅគ្រាដែលធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០៣នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0285 បើកបរដោយឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ បានកៀរអ្នកជិះម៉ូតូម៉ាក វ៉េវ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S 0416 បើកបរដោយឈ្មោះ ម៉ៅ គ្រឿម ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ទូច សៀប ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្តាលឲ្យដួលធ្វើឲ្យរួមដំណើរខាងក្រោយខ្ទាត់ចូលរថយន្ត កិនធ្លាយខួរស្លាប់មួយរំពេច។

ប្រភពដដែលបន្តទៀតថា បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុ ប្រគល់ជូនគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត បានយកមករក្សាទុកជាបណ្ដោះអាសន្ន ចំណែកអ្នកបើកបររថយន្ត បានឃាត់ខ្លួនដើម្បីបន្តនីតិវិធី៕ បឹុម ពិន


ចែករំលែក៖