ខេត្តកណ្តាល៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ម៉ៅ ហាក់ អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញដោះស្រាយបញ្ហាទឹកក្នុងខេត្តកណ្តាល អមដំណេីរដោយលោក ជង សេងអ៊ីម និងលោក ជុន ប៉េងឡុង ទីប្រឹក្សាក្រសួធនធានទឹក និងឧតុនិយម លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក រួមជាមួយអាជ្ញាធរភូមិ ឃុំពាមរាំង ឃុំព្រែកដាច់ និងប្រជាកសិករ បានចុះពិនិត្យការអន្តរាគមន៍បូមទឹកស្រោចស្រពដំណាំស្រូវប្រាំងត្រូវការទឹក នៅក្នុងឃុំពាមរាំង និងឃុំព្រែកដាច់ នៃស្រុកលើកដែក ។
លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានឲ្យដឹងថា ផ្ទៃដីស្រូវប្រាំងខ្វះទឹកដែលមន្ទីររបស់លោកកំពុងអន្តរាគមន៍ជួយសង្គ្រោះនៅក្នុងមូលដ្ឋានឃុំទាំងពីរនេះ គឺមានប្រមាណ ៣០០ ហិកតា ក្នុងនោះ ៖
១- ឃុំពាមរាំង
– ភូមិព្រែកតាទួន ផ្ទៃដី ១១០ ហិកតា យកប្រភពទឹកទន្លេមេគង្គ ជោរនាជតាមព្រែកថ្មី ។
២- ឃុំព្រែកដាច់ ៖
– ភូមិព្រែកតូច ផ្ទៃដី ៣៩ហិកតា យកប្រភពទឹកទន្លេមេគង្គ
– ភូមិព្រែកតាហ៊ីង ផ្ទៃដី ១៥១ ហិកតា យកប្រភពទឹកទន្លេមេគង្គ ។
នៅក្នុងពេលចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹករបស់សហគមន៍នៅចំណុចព្រែកតាហ៊ីង និងប្រឡាយដៃព្រែកថ្មី ឯកឧត្តម ម៉ៅ ហាក់ ក៏បានផ្តល់ប្រេងម៉ាស៊ូត ចំនួន ៤៥០លីត្រ ដល់អាជ្ញាធរឃុំទាំងពីរសម្រាប់ជួយដល់ដំណើរការបូមទឹកផងដែរ ។ ជាមួយគ្នានេះ លោក បានរំលឹកបន្ថែមដល់អាជ្ញាធរដែនដី ព្រមទាំងប្រជាកសិករ អំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក និងការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ គឺអាចធ្វើបានតែម្តងប៉ុណ្ណោះ៕ សុខ ខេមរា