ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកុងតឺន័ចុះចំណោតហ្វ្រាំងមិនស៊ី បុករថយន្តអស់២គ្រឿង និងបុកបង្គោលភ្លើងបាក់១ដើម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពេលវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ តាមផ្លូវឯករាជ្យ ជិតរង្វង់មូលត្រីដូហ្វីន សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាក លេខស្វាយរៀង 3A-1102 បានចុះចំណោតពីវេទិកាបុណ្យជាតិ៧មករា ហើយរថយន្តបានដាច់ហ្រ្វ័ង ក៏ទៅបុកនឹងរថយន្ត ១គ្រឿង ពីក្រោយម៉ាក HONDA CRV ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ2R-2346 អ្នកបើកបរឈ្មោះឡាង សុគន្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមន្រ្ដីរដ្ឋបាលព្រៃឈើ មានទីលំនៅភូមិ១សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ស្របទិសគ្នា។

បន្ទាប់មក រថយន្ត HONDA CRV បានខ្ទាតទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AZ-0010 ដែលចតស្ងៀម មុខហាង ម្ចាស់ឈ្មោះ WANG SONGBAI ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន មានទីលំនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់មករថយន្តបង្កហេតុ បន្តទៅបុកបង្គោលភ្លើងព្រមទាំងកិនបែកគំរបលូ តាមចិញ្ចើមថ្នល់អស់ជាច្រើនចន្លោះ ។

តុល្យការគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ តែបាន ខូចខាត រថយន្តចំនួន ៣គ្រឿង បាក់បង្គោលភ្លើងអស់ ១ដើម និង បែកគំរបលូ ចំនួន ២៥ផ្ទាំង ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្ត បានគេចខ្លួនបាតតែគេបានដឹងថា រថយន្តនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន S.DAM។ បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖