ខេត្តមណ្ឌលគិរី ៖ សត្វត្រដក់ចំនួន២ក្បាល ដែលត្រូវបានប្រជាពលរដ្ឋនៅភូមិកោះម្យើល ប្រគល់មកឲ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីស្នងការដ្ឋាននគរបាលខេត្ត និងអង្គការ WWF ជាក្រុមការងារដើម្បីយកទៅលែងក្នុងព្រៃធម្មជាតិវិញ។
ការទទួលយកសត្វត្រដក់២ក្បាលពីប្រជាពលរដ្ឋខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលំនៅឋានមួយកន្លែង ឋិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បន្ទាប់ពីប្រជាពលរដ្ឋចិញ្ចឹម និងផ្ដល់អាហារដោយពុំដូចគ្នានឹងលក្ខណៈវដ្តជីវិតដែលសត្វស្លាបដ៏កម្រប្រភេទនេះរស់នៅក្នុងព្រៃធម្មជាតិឡើយ។
សត្វត្រដក់ទាំង២ក្បាល ដែលឋិតក្នុងសភាពញ័រៗហាក់ខ្សោយកម្លាំងត្រូវបានមន្រ្តីជំនាញអភិរក្សសត្វព្រៃទទួលយកទៅថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយរង់ចាំមានសុខភាពល្អប្រសើរ ទើបក្រុមការងារយកសត្វត្រដក់ទាំង២ក្បាលនេះទៅលែងក្នុងព្រៃធម្មជាតិវិញ។
គួររម្លឹកជូនថា សត្វត្រដក់ធំ គឺជាប្រភេទសត្វស្លាបដែលជិតផុតពូជ កំណត់ដោយប្រកាសស្ដីពីចំណាត់ថ្នាក់ប្រភេទសត្វព្រៃ ហើយសត្វស្លាបប្រភេទនេះក៏ស្ថិតក្នុងបញ្ជីរបស់អង្គការ IUCN ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសកលលោកផងដែរ។
មន្រ្តីជំនាញសូមអំពាវនាវដល់ប្រជាសហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុង និងនៅក្បែរតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី សូមបន្តកិច្ចសហការនិងគាំទ្រដល់សកម្មភាពអភិរក្ស ដើម្បីការពារសត្វស្លាបសំខាន់ៗនិងកម្រៗ ព្រមទាំងជម្រកពួកវាកុំឲ្យបាត់បង់៕