ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈបើកបរម៉ូតូបោះពួយ ជ្រុលទៅបុកគូថរថយន្ដពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នាពេញមួយទំហឹង កាលពីថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៥និង៤២នាទីល្ងាច លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣០-៣១ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ គុយ ភារះ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឭ (បាក់ភ្លៅ) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GT-1212 ។ ចំណែកភាគីខាងរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ធុនធំ ពណ៌សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3D-3994 បើកបរដោយឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុ ក៏ចាប់ហ្វ្រ័ងម៉ូតូមិនទាន់បុកគូថរថយន្ដមួយគ្រឿងបើកនៅខាងមុខ ក្នុងទិសដៅស្របគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូនិងរថយន្ដត្រូវបាននគរបាលជំនាញចរាចរណ៍ចុះធ្វើការវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ