ភ្នំពេញ៖ ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន បុណ្យពិសាខបូជា, អាសាឍបូជា និងបុណ្យ បវារណា (ចេញវស្សា)។
បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋា ភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិ របស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធ បុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យ ឯកជន ឈប់សម្រាកមួយថ្ងៃ។
តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? នៅពេលនេះ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹក ដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង នៅក្នុងប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្ត សករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែ គត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈ ជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈ ទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មា សម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន១១ សម្រាប់ឲ្យ សមាជិកមហា សន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និង សម្រាប់យកទៅផ្សព្វផ្សាយដល់ជនទៀតឲ្យបានយល់ពីព្រះពុទ្ធសាសនា។
គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិ មោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជា សិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុង ទីប្រជុំសង្ឃរាល់កន្លះខែម្តង។ ឧទាហរណ៍ រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តតាម។
ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជា ម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖
១- ព្រះសង្ឃសមណទូត១,២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា (សព្វេខី ណាសវា)។
២- ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បំបួសឲ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។
៣- ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះ អរហន្តបានអភិញ្ញា ៦គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរំលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបាន ណាត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
៤- ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំ គ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ច ប្រជុំប្រកបដោយអង្គ៤។
ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិ ញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។
មូលហេតុសំខាន់ដែល ព្រះសង្ឃសមណទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិក ព្រាហ្មណ៍ តែងតែប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះទើបព្រះសង្ឃទាំងនោះធ្វើដំណើរទៅគាល់ព្រះ បរមសាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន។ សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើ ដំណើរទៅព្រមគ្នាទាំង១,២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា។ ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ ឬ តាមអីុនធើណេតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ។
តើព្រះសង្ឃទាំង១,២៥០អង្គនោះចេញមកពីប្រភពណាខ្លះ?
ប្រភពនៃព្រះសង្ឃទាំង ១,២៥០អង្គនោះគឺ៖
ក- សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន៥០០អង្គ
ខ- សិស្សគណរបស់ព្រះនទីកស្សបៈចំនួន៣០០អង្គ
គ- សិស្សគណរបស់ព្រះគយាកស្សបៈចំនួន២០០អង្គ
ឃ- សិស្សគណរបស់ព្រះសារីបុត្រនិងព្រះមោគ្គល្លានចំនួន២៥០អង្គ។
សរុបព្រះសង្ឃទាំងអស់១,២៥០អង្គដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ,ព្រះនទីកស្សបៈ, ព្រះគយាកស្សបៈ, ព្រះសារីបុត្រ និងព្រះមោគ្គល្លាននោះទេបើរាប់បញ្ចូល៥អង្គនេះទៀតបានជា១,២៥៥ អង្គ។
ព្រោះតែអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ទើបព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឆ្លៀតឱកាសនោះ សម្តែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១,២៥០អង្គនោះដោយទ្រង់ កំណត់គោល នយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធ សាសនា៥ចំណុចគឺ៖
ក- ឧត្តមគតិបានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យ ទានផ្នែកនយោបាយ)។
ខ- គោលបំណងបានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។
គ- វិធីបដិបត្តិបានដល់ មិនរំលោភ សិទ្ធិមនុស្សនិងសត្វ (សិទ្ធិមនុស្ស)។
ឃ- គោលការណ៍មាន ៣ចំណុចគឺ៖
* មិនធ្វើអំពើអាក្រក់ទាំងពួង(សន្តិសុខ)
* ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)
*ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)
ង- វិធីសាស្ត្រ មាន៦ចំណុចគឺ៖
* មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុច រិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា; ឃោសនាការ)
* មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
* គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)
*ស្គាល់ប្រមាណក្នុងអាហារ(សេដ្ឋកិច្ច)
* អង្គុយឬសិងក្នុងទីស្ងាត់ (នគរូប នីយកម្ម)
* ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សា ធិការ)។
ទាំង៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។
ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌, ថ្ងៃ វិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។
តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១- ពុទ្ធសាសនិកជនបានយល់ដឹង យ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃ បូជានេះ។
២- យល់ដឹងគោលធម៌ និងគោលជំហរ របស់ព្រះពុទ្ធសាសនា។
៣- បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤- បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥- បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចីរកាលយូរអង្វែង។
ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធន៍ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិក ជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះដែរ។ ព្រោះ ហេតុនោះ បើបានឋានៈជាពុទ្ធសាសនិក ជន ហើយមិនត្រូវព្រងើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើង ការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធ សាសនាមិនមែនជាការងារ ធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្ត វិញ្ញាណ របស់ខ្លួនឲ្យប្រសើរឡើង តាមគោល ការណ៍ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ ព្រម ពោលគឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។
សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មា សម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ាជីវិតដល់ពួក យើងទាំងអស់គ្នា៕ ហេង សូរិយា