ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរយោធាម្នាក់ បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាមន្ត្រីរយោធាម្នាក់ បានបោកក្បាល នឹងកញ្ចក់រថយន្ត និងបោកផ្ទប់ នឹងដៃចង្កូតបណ្តាលស្លាប់នៅ នឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានបើករថយន្តមួយគ្រឿងមិនពាក់ខ្សែក្រវាត់ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមិុច​ តាមបណ្តោយផ្លូវជាតិលេខ៥អា ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ចេង ដារ៉ាឌី​ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ យោធា ឋានន្តរសក្តិ វរៈនាវីទោ អត្តលេខ 091111 បញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គបញ្ជាការ មានស្រុកកំណើត ភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក IZUZU ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8000 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវលាន់ដូចរន្ទះ ដោយជនរងគ្រោះមិនបានពាក់ខ្សែរក្រវាត់ បណ្តាលបោកក្បាល នឹងកញ្ចក់រថយន្ត និងដៃចង្កូតស្លាប់នៅ និងកន្លែងយ៉ាងអាណោចអាធម៌ ។ ចំណែកក្បាលនាគវៀចអស់មួយកង់ និងខូចខាតតិចតូច ។ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖