ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ដោយសាររត់ចូលរថយន្ត ខណៈកំពុងបើកបរតាមដងផ្លូវ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខសីធីក្លឹប តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើសង្ស័យមានវិបត្តិផ្លូវចិត្ត ព្រោះកន្លងមកធ្លាប់រត់ចូលម៉ូតូម្តងរួចមកហើយ តែមិនរងរបួសធ្ងន់ លុះមកដល់យប់កើតហេតុទើបមករត់ចូលរថយន្តម៉ាក visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG 5716 ខណៈកំពុងបើកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ