ភ្នំពេញ៖ ទីបំផុតរឿងរ៉ាវ ជម្លោះក្តៅគគុករវាងអតីតភរិយាថៅកែផលិតកម្ម LD Picture នឹងតារាសម្តែង សាឡាត់ ស្រីឡាងត្រូវបានបញ្ចប់ហើយ។ បញ្ចប់ជម្លោះដោយពាក្យសម្តីនេះ គឺក្រោយពេលដែលភាគីសងខាង បានជួបចរចាគ្នា ។
បើយោងតាមការទម្លាយរបស់ប្រភពស្និទ្ធនឹងកញ្ញា សាឡាត់ ស្រីឡាង បានបញ្ជាក់ថា លោក លៀក លីដា និងអតីតភរិយាបានស្វែងរកដំណោះស្រាយមួយរួមគ្នាដើម្បីបញ្ចប់វិវាទ។ ប្រភពថា ជំនួបនេះក៏បានសម្រេចបញ្ចប់ការបញ្ចេញសារទាំងរូបភាព ពាក្យសម្តី និងវីដេអូ ដែលអាចបង្កឲ្យរឿងរ៉ាវស្នេហាត្រីកោណនេះកាន់តែរីកធំឡើង ។ ប្រភពថា អតីតភរិយាថៅកែផលិតកម្មសម្រេចបោះបង់គម្រោងបន្តទម្លាយរឿងរ៉ាវស្នេហាក្រៅឆាករវាងតារាសម្តែង សាឡាត់ ស្រីឡាង និងថៅកែផលិតកម្ម ហើយ សាឡាត់ ស្រីឡាងក៏បញ្ចប់គម្រោងចង់ប្តឹងអតីតភរិយាថៅកែផលិតកម្ម ទៅកាន់តុលាការពីបទបរិហាកេរ្តិ៍នោះដែរ។ ការសន្តោសប្រណីដល់មុខកូនស្រីវ័យទើបបីខួប បានធ្វើឲ្យភាគីខាងអតីតភរិយា បន្ទន់ចិត្តចង់បញ្ចប់វិវាទដ៏ស្រួចស្រាវនេះ។
វីដេអូខ្លីនៅលើគណនីយហ្វេសប៊ុករបស់អតីតភរិយាមានឈ្មោះថា Panhchaka June ទទួលស្គាល់ថា នាងបានជួបជាមួយប្តីតាមរយៈទូរស័ព្ទដៃដែលក្នុងន័យបន្ថយកម្តៅនេះព្រោះតែការយល់ដល់កូនស្រីកំពុងរស់នៅជាមួយអតីតស្វាមី។ ទោះជាយ៉ាងណានាងនៅមិនទាន់ជួបសម្តីផ្ទាល់ជាមួយនឹងសាឡាត់ ស្រីឡាងនៅឡើយ។ ក្នុងវីដេអូខ្លីនាងទទួលស្គាល់ថាការទម្លាយរឿងរ៉ាវដែលលាក់ទុករាប់ឆ្នាំនេះព្រោះតែនាងឈឺចិត្ត និងមួម៉ៅព្រោះមិនបានជួបមុខកូនស្រីក្នុងថ្ងៃខួបកំណើតគម្រប់៣ឆ្នាំ ហើយនាងក៏ទទួលស្គាល់ដែរថាការបែកផ្លូវគ្នាជាមួយអតីតស្វាមីគឺមិនមែនមូលហេតុ សាឡាត់ ស្រីឡាង ជាអ្នកទី៣តែមួយនោះទេ គឺបែកគ្នាព្រោះតែបុគ្គលិកលក្ខណៈអាកប្បកិរិយារវាងនាងនិងអតីតស្វាមីមិនត្រូវគ្នាគឺឈ្លោះគ្នាខ្លាំង។ នាងថា មិនមែនមិនដឹងទេ ថាអតីតស្វាមីមានស្រីខាងក្រៅច្រើននោះទេ ប៉ុន្តែនាងក៏មិនចូលចិត្តនឹងអត្តចរិកក្រអឺតក្រទមរបស់សាឡាត់ ស្រីឡាង ពិសេសមួម៉ៅក្រោយពីទទួលដំណឹងថា អតីតស្វាមីទិញផ្ទះតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក និងរថយន្តឲ្យតារាស្រីរូបនេះ ខណៈដែលកូនស្រីពៅនាង មិនទទួលបានការទំនុកបម្រុងពីអតីតស្វាមីគឺធ្វើឲ្យនាងខូចចិត្ត និងមួម៉ៅកាន់តែខ្លាំង។
ជាមួយនឹងការបញ្ជាក់នេះដែរតាមរយៈសារដែលលោក លៀក លីដា បានបង្ហោះកាលពីពេលថ្មីៗនេះបានបង្ហោះបង្កប់ដោយអត្ថន័យជ្រាលជ្រៅមួយ ពិសេសលោកបានអរគុណភរិយាដែលទទួលយកការសម្របសម្រួលនេះ។
ទន្ទឹមគ្នានេះដែរតារាសម្តែងស្រី កញ្ញា សាឡាត់ ស្រីឡាងបានបញ្ជាក់លើកគណនីយហ្វេសប៊ុកដោយខ្លីថា”រឿងគ្រប់យ៉ាងគឺត្រូវបានដោះស្រាយដោយសន្តិវិធី ខ្ញុំក៏នឹងមានវិឌីអូ 1 សំរាប់អ្នកគ្រប់គ្នាដែរទន្ទឹងរង់ចាំ អរគុណសំរាប់ការស្រលាញ់របស់បងប្អូន”។ សារនេះបានធ្វើឲ្យអ្នកគាំទ្រនាងស្ងប់ចិត្តផងដែរ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលដំណឹងស្នេហ៍ត្រីកោណ និងរឿងរ៉ាវស្នេហាក្រៅឆាករបស់តារាស្រី និងប្តីគេត្រូវបានគេទម្លាយ។បើទោះបីជាកម្តៅនៃជម្លោះនេះហាក់បានបន្ថយបានច្រើនប៉ុន្តែសម្រាប់មហាជននៅតែបន្តបញ្ចេញមតិរិះគន់។មានការលើកឡើងថាអ្នកសិល្បៈ ជាមនុស្សរបស់សាធារណៈនោះ តែងត្រូវរងនូវការទម្លាយរឿងរ៉ាវជីវិតឯកជនជាច្រើនដែលគេគិតថាបានជះឥទ្ធិពលមិនល្អសម្រាប់សង្គមទូទៅ។ អ្វីដែលគេកត់សម្គាល់ និងគេយល់ឃើញថាផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺពាក្យថាអ្នកសិល្បៈ ឬតារាយកប្តីគេ។ មិនជាប្រធានបទថ្មីក៏វាអាចគាស់កកាយ និងរងនូវការរិះគន់ពេបជ្រាយពីសំណាក់មហាជន និងវាយតម្លៃថា សិល្បករជាច្រើនបានដើរលើគន្លងមួយមិនគួរយកតម្រាប់តាមរហូតមានអាណាព្យាបាលខ្លះបារម្ភ និងរារាំងមិនឲ្យកូនពិសេសកូនស្រីចូលប្រឡូកក្នុងការងារសិល្បៈ ព្រោះតែពួកកគេបារម្ភរងការរិះគន់ និងមានកេរ្តិ៍ឈ្មោះមិនល្អ។ បើទោះបីជាឈ្មោះអ្នកសិល្បៈ ឬតារាយកប្តីគេ នោះមិនសំដៅទៅលើអ្នកសិល្បៈទាំងមូល ប៉ុន្តែប្រាកដណាស់ថាវានឹងជះឥទ្ធិពលមិនល្អសម្រាប់សង្គម៕ វឌ្ឍនា