ព័ត៌មានទាន់ហេតុការណ៍៖

ដួលផ្គាប់មុខទៅក្នុងទឹកត្រឹមជង្គង់ស្លាប់ស្រ្តីម្នាក់ ធ្វើឲ្យកុមារ៤នាក់ កំព្រាម្តាយ

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ ស្រ្តីខ្វះខាត ទីទាល់ក្រ ម្នាក់ មានកូន៤នាក់ ក្នុងបន្ទុក ចេញទៅរាវក្តាម ខ្ចៅ ខ្យង តាមបឹងបួរ ថ្លុកត្រពាំង ឲ្យតែដឹងថា នៅទីណាមានក្តាម ខ្ចៅ ខ្យង ក៏ទៅរាវនៅទីនោះ ដើម្បីយកទៅលក់ គ្រាន់បានថវិការបន្តិចបន្តួចចិញ្ចឹមគ្រួសារ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដូចសព្វមួយដង ជាថ្ងៃកើតហេតុស្រ្តីអភ័ព្វរូបនេះបានទៅរាវ ក្តាម ខ្ចៅ ខ្យងម្នាក់ឯង នៅបឹងមួយ ស្ទើររីងហួតទឹកអស់ទៅហើយ គឺនៅសល់ទឹកត្រឹមជង្គង់ តែអកុសលពេលកំពុងរាវក្តាម ខ្ចៅ ខ្យងស្រាប់តែដួងផ្កាប់មុខទៅក្នុងទឹកដោយគ្មានអ្នកណាម្នាក់បានឃើញ និងបានដឹងឡើយ។

អ្នកភូមិផងរបងជាមួយដែលធ្វើដំណើរកាត់ទីនោះ ក៏ប្រទះឃើញស្រ្តីរងគ្រោះដួលផ្គាប់មុខទៅក្នុងទឹក (ត្រឹមជង្គង់) បាននាំគ្នាទៅលើក តែស្រ្តីរងគ្រោះបានបាត់ទៅហើយៗក៏មិនដឹងថា ស្លាប់នៅពេលណាដែរ។ ស្រ្តីរងគ្រោះឈ្មោះ ផាត ចិន អាយុ៤៨ឆ្នាំ ប្តីឈ្មោះ កន តាំង មានជំងឺប្រចាំកាយ ធ្វើការមិនកើត ពោល រស់ដោយសារប្រពន្ធរកស៊ីចិញ្ចឹម ។ ទាំងពីរនាក់ប្តីប្រពន្ធគ្មានបង ប្អូន ឬសាច់ញាតិនោះទេ នេះបើតាមការបញ្ជាក់របស់អ្នកភូមិ ។

ស្រ្តីអភ័ព្វរូបនេះ មានកូន៤នាក់ ក្នុងបន្ទុក កូនប្រុសច្បងអាយុ២២ឆ្នាំ ដោយជីវភាពក្រីក្រពេក ក៏ឈប់រៀន ហើយសុំម្តាយទៅធ្វើការនៅប្រទេសកូរ៉េ គ្រាន់បានលុយខ្លះមកជួយគ្រួសារ ។ ដោយទទួលព័ត៌មានពីមិត្តភក្តិថា សាលាភាសាកូរ៉េ ឡុង ហេង ជួយកុមារក្រីក្រ ដែលមានបំណងចង់ទៅធ្វើការនៅកូរ៉េក៏បានមកសុំរៀន។ ទើបតែរៀនបានជិត១ឆ្នាំ ហើយក៏កំពុងរៀបចំបែបបទចេញទៅធ្វើការនៅប្រទេសកូរ៉េ ក៏ទទួលព័ត៌ថាម្តាយស្លាប់! ។ ស្អែកនេះជាថ្ងៃគំរប់៧ថ្ងៃ កូនប្រុស ស្រ្តីអភ័ព្វ ដោយមានការជួយជ្រោមជ្រែងពីពលរដ្ឋអ្នកស្រុកអ្នកភូមិ បានរៀបចំធ្វើបុណ្យនៅក្នុងភូមិឈើទាលជ្រុំ ឃុំអូស្វាយ ស្រុកត្រពាំងប្រទាល ខេត្តឧត្តមានជ័យ ៕ ប៉ែន នួន


ចែករំលែក៖