ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ខណៈកំពុងបើកបរគោយន្តកន្ត្រៃ ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកពេញទំហឹងបណ្តាលឲ្យស្លាប់នៅកន្លែហកើតហេតុ ចំណែករថយន្តបង្ក និងគោយន្តកន្ត្រៃរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤៥នាទី ត្រង់ចំណុចមុខផ្ទះ ទឹម សុភាលើផ្លូវលេខ១៥១ស្ថិត ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមើតហេតុគេបានឃើញជនរងគ្រោះបើកគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KOBUTA ពណ៌ក្រហម គ្មានស្លាកលេខធ្វើដំណើរលើផ្លូវលេខ១៥១ក្នុងទិសដៅពីលិចទៅកើតទិសដៅស្របគ្នា បើកបរដោយឈ្មោះដោប សារ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិដីក្រហម ឃុំនិព្វាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តបង្ក ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2421 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅលិចទៅកើត បើកបរដោយឈ្មោះ ផាត់ ខ្លី ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងរពាក់ ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយគោយន្តកន្ត្រៃ បណ្តាលឲ្យអ្នកបើកគោយន្តស្លាប់តែម្តង នៅកន្លែងកើតហេតុ។
តាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានមនុស្សស្លាប់ខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ បើកក្នុងស្ថានភាពស្រវឹងស្រា ។
សមត្ថកិច្ចបន្តថា ករណីនេះបណ្តាលឲ្យគោយន្តកន្ត្រៃខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបង្កខូចខាតតិចតួច ។
ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចការិយាល័យផ្លូវគោកវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅស្រុកកំណើត ៕ ធឿនព្រែកជ័យ