ព័ត៌មានទាន់ហេតុការណ៍៖

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបដិសេធន៍ នគរបាលដែលបោកប្រាស់នារីរោងចក្រថា មិនមែនកម្លាំងរបស់លោកទេ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលតាំងខ្លួន ជានគរបាលខណ្ឌពោធិ៍សែនជ័យ ហើយបានបោកប្រាស់នារីរោងចក្រម្នាក់ យកម៉ូតូអស់ទាំងទូរស័ព្ទនោះ ត្រូវបានលោកយឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បដិសេធន៍ថា មិនមែនកម្លាំងរបស់លោកទេ ។

នារី​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ អាន ស្រី​លី​ន អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្រុស​ស្នេហ៍​ដែលឆបោក​យក​ម៉ូតូ ហើយ​គេចខ្លួន​បាត់​នោះ ​ត្រូវ​បាន​ប្រាប់​ថា​ ឈ្មោះ ណា​ក់ ភារៈ អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ តែ​មិន​ស្គាល់​អសយដ្ឋាន​ទេ ។

ប្រភព​ពី​នារីរងគ្រោះឲ្យ​ដឹង​ទៀត​ថា នាងបាន​ស្គាល់គ្នា​ជាមួយ​បុរស​ខាងលើ​ តាម​រយៈ​ហ្វេ​សបុ​៊​ក ប្រហែល​ជាង​២​ខែ ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា តាម​មហាវិ​ថី​សហព័ន្ធ​រុ​ស្សុ​ី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណះដែលពួកគេទាំងពីរនាក់បានមកពីស្រុកកំណើតខាងស្រីក្រោយមកបុរសខាងលើបាន​ប្រាប់​នាង​ឲ្យ​ចាំ​នៅ​មុខ​ផ្សារ​មួយ​ភ្លែត រូបគេ​ជិះ​ម៉ូតូ​ម៉ាក់​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១NT-២៩៤៣ ទៅ​យក​កូនសោ​ចូល​ផ្ទះ​ដែល​ផ្ញើ​ នឹង​មិត្តភក្តិ​ នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​យក​ទូរស័ព្ទ​ដៃ​នាង​ម៉ាក​ហូ​វៃ​មួយ​គ្រឿង​ទៅ​ជាមួយ​ផង ងាយស្រួល​ទូរស័ព្ទ​រក​មិត្តភក្តិ ​ក្រែង​ទៅ​រក​មិន​ជួប ហើយ​ក៏​ទៅ​បាត់​រហូត​តែ​ម្តង ។

ដោយ​ចាំ​បាត់​ៗ ហើយ​ទូរស័ព្ទ​ទៅ​មិន​ចូល​ និងសូ​ម្បី​អា​ខោ​ន​ហ្វេ​សបុ​៊​ក​ក៏​ប្លុក​ចោល​ទៀត ទើបនាង​ និង​បងប្អូន​សម្រេចចិត្ត​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ ដើម្បី​ដាក់​ពាក្យបណ្តឹង​ដោយ​កាន់​រូបថត​បុរស​ខាងលើ​មក​ជាមួយ​ផង ។ សមត្ថកិច្ច​និយាយ​ថា ទោះបីជា​ស្ត្រី​ម្ចាស់​បណ្តឹង​ថា​ ជន​នោះ​ជា​នគរបាល​ក្តី ក៏​មិន​ទាន់​អាចនិយាយ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​ថា​ ជា​នគរបាល ព្រោះ​ជនខិលខូច​អាច​ប្រើ​ល្បិច​បោក​ក៏​ថា​បាន ។

រហូតមកដល់រសៀលថ្ងៃទី១៩​ ខែកុម្ភៈនេះ ភ្នាក់ងារការសែតនគរវត្ត បានទាក់ទងទៅលោកវីរះសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ លោកបានបញ្ជាក់ថា​ បុរសខាងលើមិនមែនជាមន្ត្រីរបស់លោកទេ។

ជនរងគ្រោះបានស្នើដល់សមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ ឲ្យរូបនាងផង និងតាមចាប់ជននោះយកមកផ្តន្ទាទោសតាមច្បាប់ ជៀសវាងជននោះនៅតែបន្តការប្រើរូបភាពជាកម្លាំងនគរបាលដើរបោកប្រាស់គេទៀត ៕ សុខាសែនជ័យ


ចែករំលែក៖