ជំងឺកញ្ជ្រឹល កំពុងតែវាយប្រហារ ប្រទេសហ្វីលីពីន បង្កក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ ប្រទេសនេះ ខណៈដែលមានអ្នកស្លាប់ យ៉ាងតិច១៣៦នាក់ហើយ និងជាង៨៥០០ឆ្លងជំងឺនេះ ។ ក្រសួងសុខាភិបាលប្រទេសនេះ បានប្រកាសអាសន្ន ពីករណីឆ្លងរាលដាលខាងលើ ដោយស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។
នៅពេលនេះក្រសួងសុខាភិបាលហ្វីលីពីនបញ្ជាក់ថា ជំងឺកញ្ជ្រឹលនេះ បានផ្ទុះខ្លាំងឡើងចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ មកដល់ពេលនេះ កើនឡើង២៥៣ភាគរយ គិតក្នុងអំឡុងពេលដូចគ្នា កាលឆ្នាំ២០១៨ ហើយចំពោះអ្នកជំងឺបាត់បង់ជីវិតវិញ កើនរហូតដល់ជាង៤៩១ភាគរយ អំឡុងពេលដូចគ្នា ។
កុមារហ្វីលីពីនដែលកើតជំងឺកញ្ជ្រឹលនេះ ច្រើនតែកុមារក្រោមអាយុ៤ឆ្នាំ ។ ពាក់កណ្តាលកុមារមានជំងឺ និងជិត៦០ភាគរយ នៃការស្លាប់ គឺកុមារនៅក្នុងតំបន់ Metro Manila និង Calabarzon។ កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្រសួងសុខាភិបាលបានប្រកាសអាសន្នអំពីជំងឺកញ្ជ្រឹលនេះ វាយប្រហារនៅ Metro Manila ហើយក្រោយមក រាលដាលទៅដល់ដីកោះ Luzon, នៅ Central និង Eastern Visayas ក្នុងភាគកណ្តាលហ្វីលីពីនផងដែរ។
ក្រសួងសុខាភិបានបានសម្តែងការព្រួយបារម្ភ ជំងឺនេះបន្តរីករាលដាល ខណៈដែលវានៅមិនទាន់ស្ថិតក្នុងការគ្រប់គ្រងបាននៅឡើយ។
យុទ្ធនាការចាក់ថ្នាំបង្ការនៅទូទាំងប្រទេសបាននិងកំពុងដំណើរឡើងផងដែរ ទប់ស្កាត់ជំងឺកញ្ជ្រឹលនេះនៅប្រទេសហ្វីលីពីន ។ ជំងឺគញ្ជ្រឹលនេះ តាមជំនាញ គេអះអាងថា ជាវីរុសដែលអាចឆ្លងរាលដាលឆាប់រហ័ស ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមដំណក់ទឹកសម្បុរ តាមមាត់ និងបំពង់កជាដើមអ្នកជំងឺជាដើម ៕