ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តកំពង់ស្ពឺ ដោះលែងឧកញ៉ាសូ សារឹម បណ្តោះអាសន្នដើម្បីឲ្យរកលុយបង់ថ្លៃដី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីចេញដីកា សម្រេចឲ្យឃុំខ្លួនឧកញ៉ាម្នាក់ឈ្មោះ សូ សារឹម កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនៅរសៀលថៃ្ងចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺ បានសម្រេចដោះលែងជនត្រូវចោទឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន ។

លោក សំរិតសួន វណ្ណរ័ត្ន ជាដើម្បី បណ្តឹងបានប្រាប់ថាជនត្រូវចោទបានសងប្រាក់មួយចំនួន ទៅប្រជាពលរដ្ឋជាម្ចាស់ដី ប៉ុន្តែមិនទាន់គ្រប់ចំនួននោះទេ។ ចំណែកតុលាការបានសម្រេចឲ្យជនត្រូវចោទឈ្មោះ ​ សូ សារឹម ចេញក្រៅឃុំក្នុងរយៈពេល ២ខែ ដើម្បីរកប្រាក់សងទៅពលរដ្ឋម្ចាស់ដីឲ្យគ្រប់ចំនួនមុននឹងយកដីនោះប្រគល់ជូនម្ចាស់លុយ ឈ្មោះ លី ជុន។

សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដើមបណ្តឹងឈ្មោះ សំរិតសួន វណ្ណរ័ត្ន បានដាក់ពាក្យប្តឹង ជនត្រូវចោទឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិអង្គ្រង ឃុំព្រះ ស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងករណីទិញលក់ដី ទំហំ១០៣,៣៦០ម៉ែត្រការ៉េ នៅភូមិតារា និងភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺបាន ចាប់ខ្លួនឈ្មោះ សូ សារឹម កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេ មួយកន្លែងនៅខាងមុខភូមិគ្រឹះគ្រួសារ លោកស្មៀនឃុំព្រះស្រែ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥១តាមដីកាបង្គាប់ឲ្យ ចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។

ក្រោយពីជនត្រូវចោទ ឈ្មោះ សូ សារឹម ត្រូវចាប់ខ្លួន ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ បានដាក់ពាក្យបណ្តឹងទៅសាលាឃុំព្រះស្រែ និងសាលាស្រុកឧដុង្គឲ្យជួយដោះស្រាយករណីជនត្រូវចោទឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំឯកសារលួចលក់ដីពួកគាត់និងដី សាធារណៈរបស់រដ្ឋប្រឡាយនិងផ្លូវជាដើម ។

មកដល់ពេលនេះ មានសេចក្តីរាយ ការណ៍ថា ប្រជាពលរដ្ឋរងគ្រោះមួយចំនួន ព្រមទទួលលុយខ្លះ ពីជនត្រូវចោទឈ្មោះ សូ សារឹម ខណៈប្រជាពលរដ្ឋខ្លះទៀត បានដាក់ពាក្យបណ្តឹងតាមរយៈមេធាវី ដើម្បីឲ្យអាជ្ញាធរឃុំព្រះស្រែ រំលាយលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលពួកគាត់បាន លក់ឲ្យឈ្មោះ សូ សារឹម។ ប៉ុន្តែមិនទាន់ បានលុយគ្រប់ផង បែរជាឈ្មោះ សូ សារឹម សហការគ្នាជាមួយអាជ្ញាធរឃុំព្រះស្រែលួចធ្វើប្លង់ស្ងាត់ៗលក់ឲ្យអ្នកទី៣ដោយមិនឲ្យពួកគាត់ និងមេភូមិដឹងឡើយ ។

យោងពាក្យបណ្តឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្តឹងសុំឲ្យ លោកអភិបាលស្រុកឧដុង្គ ទប់ស្កាត់ និង ហាមឃាត់ ឈ្មោះ លី ជុន ដែលជាអ្នក ទិញដីប្រជាពលរដ្ឋពីឈ្មោះ សូ សារឹម មិនឲ្យលក់ ដូរ ជួល បញ្ចាំ ចុះបញ្ជីផ្ទេរកម្ម សិទ្ធិធ្វើអំណោយឈូសឆាយសាងសង់ សំណង់ ឬធ្វើរបងលើទីតាំងដីរបស់ពួក គាត់ ។

ពាក្យបណ្តឹងនេះ បានបញ្ជាក់ថា ជន ត្រូវចោទឈ្មោះ សូ សារឹម មិនទាន់បាន ទូទាត់លុយថ្លៃដីឲ្យពួកគាត់គ្រប់ចំនួនផង ស្រាប់តែយកដីនោះទៅលក់ឲ្យឈ្មោះ លី ជុន ។

ក្រៅពីយកដីដែលមិនទាន់ឲ្យលុយ ប្រជាពលរដ្ឋគ្រប់ទៅលក់ ជនត្រូវចោទ សូ សារឹម ក៏បានសហការគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរឃុំព្រះស្រែ លួចយកដីប្រឡាយ និងផ្លូវសាធារណៈទៅលក់ដោយដាក់បញ្ចូលក្នុងប្លង់ដី ផ្ទេរសិទ្ធិទៅឈ្មោះ លី ជុន ថែម ទៀតផង ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រៅពីទំនាស់ដីធ្លីនៅចំណុចភូមិ រំលេច និងភូមិតារា ជនជាប់ចោទឈ្មោះ សូ សារឹម ក៏កំពុងត្រូវប្រជាជនជាច្រើន គ្រួសារនៅក្នុងភូមិអង្គ្រង ឃុំព្រះស្រែ ស្រុក ឧដុង្គ ប្តឹងទៅសាលាឃុំព្រះស្រែឲ្យទប់ស្កាត់ និងដោះស្រាយរឿងទិញដីប្រជាពលរដ្ឋ មិនទាន់ឲ្យលុយគ្រប់ចំនួនហើយយកដីទៅលក់ឲ្យអ្នកទី៣ ជាច្រើនហិកតានិងច្រើនទីតាំងផងដែរ។

មហាជនកំពុងរង់ចាំមើលចំណាត់ការ របស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញា ធរខេត្តកំពង់ស្ពឺថា តើនិងមានវិធានការផ្លូវច្បាប់យ៉ាងណាចំពោះ ជនត្រូវចោទ ឈ្មោះ សូ សារឹម និងមន្ត្រីមូលដ្ឋានមួយចំនួនដែលបានឃុបឃិតគ្នាជាប្រព័ន្ធរំលោភសិទ្ធិ ប្រជាពលរដ្ឋ និងរំលោភយកដីរដ្ឋទៅលក់ស្រស់ៗបែបនេះ ៕ ហេង សូរិយា


ចែករំលែក៖