ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំសន្និសីទសារព័ត៌មានមួយក្នុងគោលបំណងប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរ ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ដោយមានការចូលរួមពីក្រុមកីឡាករឆ្នើមក្នុងស្រុក និងក្រៅស្រុកជាច្រើនក្រុម។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក SAMSON WONG អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងលោក CHRIS LIU ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) បានចូលរួមក្នុងកម្មវិធីនេះ និងស្វាគមន៍នូវការប្រកាសបើកជាផ្លូវការនូព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិលើកទីពីរដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជា ដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងមានក្រុមកីឡាករឆ្នើមសញ្ជាតិកម្ពុជា និងក្រុមកីឡាករឆ្នើមអន្តរជាតិជាច្រើនក្រុមដូចជាមកពីប្រទេសជប៉ុន ឆេក ថៃ សហរដ្ឋអាមេរិក ទីក្រងតៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាល្លឺម៉ង់ ក្រិក ស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជន ដោយសារកីឡាករមកពីបណ្តាប្រទេសជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុ ដែលអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច 2020 ដើម្បីឈានរកទៅជើងឯកពិភពលោក។
កម្មវិធីនេះបានចាប់ផ្តើមចាប់ពីថ្ងៃទី ២១ កុម្ភៈ ដល់ថ្ងៃទី ១៦ ខែមេសា នៅទូទាំងខេត្តក្រុងធំចំនួនប្រាំពីរដោយមានកាលវិភាគប្រកួតដូចខាងក្រោម៖ ១.រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ។ ២. ខេត្តព្រះសីហនុ នៅថ្ងៃទី ២ ដល់ថ្ងៃទី៣ ខែមីនា។ ៣. ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមីនា។ ៤. ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា ។ ៥. ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែមីនា។ ៦. ខេត្តបាត់ដំបង នៅថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែមេសា ។ ៧. ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ កម្មវិធី 2-Star World Tour នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញសម្រាប់កីឡាកិរិនី និងនៅខេត្តសៀមរាបសម្រាប់កីឡាករផ្នែកបុរស។ ទន្ទឹមនឹងនេះផងដែរ កម្មវិធី 1-Star World Tour នឹងប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺសម្រាប់កីឡាករផ្នែកបុរស និងខេត្តបាត់ដំបងសម្រាប់កីឡាកិរិនី។ រង្វាន់ទឹកប្រាក់សរុបគឺ 60,000 ដុល្លារអាមេរិក ដោយក្រុមជ័យលាភីនីមួយៗនៃក្របខ័ណ្ឌកម្មវិធី 1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 5,000 ដុល្លារអាមេរិកចំណែកឯក្រុមជ័យលាភីនីមួយៗនៃក្របខ័ណ្ឌកម្មវិធី 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 25,000 ដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថាការប្រកួតបើកឆាកចាប់ផ្តើមពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាចចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ នៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីប្រកួតនេះនឹងធ្វើឡើងនៅខេត្តក្រុងចំនួនប្រាំពីរ។ បន្ទាប់ពីកម្មវិធីប្រកួតនៅពេលថ្ងៃ មានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បញ្ញារិទ្ធ លោក ឆន សុវណ្ណរាជ លោកហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីរតនា កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីហ្សា អ្នកនាង ពេជ្រ សោភា លោក នីកូ អ្នកនាង សុគន្ធ នីសា លោក ស្តិប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត៕ វឌ្ឍនា