ភ្នំពេញ៖ អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ជា មុនីដែលជាប់ឈ្មោះជាជនត្រូវចោទនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោមទម្ងន់នៃពាក្យបណ្តឹងរបស់ក្រុមសមាគម-សហជីពចំនួន១២០ ត្រូវបានលោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចលើកលែងចោទប្រកាន់ហើយ តាមដីកាសម្រេចលើកលែងចោទប្រកាន់លេខ៦០៤៩ (ខ១) ដ.ដ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។
ការសម្រេចលើកលែងចោទប្រកាន់នេះត្រូវបានក្រុមគ្រួសារជនត្រូវចោទទទួលដំណឹងនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗ ។
នេះបេីយោងតាមលិខិតជូនដំណឹងស្តីពីការលេីកលែងចោទរបស់តុលាការដែលទេីបទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ នេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោកមេធាវី ដារ៉ា សុបញ្ញា និងលោកមេធាវី កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយអាណត្តិ និងការពារសិទ្ធិឲ្យក្រុមសមាគម-សហជីពចំនួន១២០ ដាក់ពាក្យប្តឹងលោក ជា មុនី ត្រូវជាប្អូនប្រុសបង្កើតសពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ បន្ទាប់ពីលោក ជា មុនី ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុបមកលើរាជរដ្ឋាភិបាលកម្ពុជា ។ ពាក្យបណ្តឹងនេះបានស្នើសុំឲ្យតុលាការផ្តន្ទាទោសទៅលើលោក ជា មុនី និងទាមទារសំណងជំងឺចិត្តពីលោក ជា មុនី ចំនួន១លានដុល្លារអាមេរិក ៕ ចេស្តា