ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមួយគ្រឿងបើកបោះពួយបុកម៉ូតូពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូត្រូវរថយន្ដមួយគ្រឿងបើកបោះពួយបានជ្រុលមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិវត្តចាស់ឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1X-1533 ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកអ្នកដំណើរ ធន់តូច ពណ៌ខៀវ ពាក់ស្លាកលេខ ច7114ភ.ព2 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្ដខាងលើបើកបរក្នុងល្បឿនលឿន បានជ្រុលមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ ។ ចំណែកឯរថយន្ដក្រោយពីបុកជនរងគ្រោះរួច បានបើករត់គេចទៅលាក់ក្នុងចំការចេកក្នុងភូមិរកាកោង រីឯអ្នកបើកបររត់គេចខ្លួនបាត់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា ករណីខាងលើនេះគឺបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ហើយបានមកបុកម៉ូតូដែលធ្វើដំណើរស្របទិសពីក្រោយ ៕ ស្អាងជ័យ


ចែករំលែក៖