ព័ត៌មានទាន់ហេតុការណ៍៖

ឃើញគេទុកម៉ូទ័រកាត់ដែកនៅមុខផ្ទះស្មានតែគ្មានមនុស្សនៅក៍ធ្វើសកម្មភាពលួចស្រាប់តែម្ចាស់ឃើញទាន់ចាប់ប្រគល់អោសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយក ម៉ូទ័រកាត់ដែកដែលជនរងគ្រោះទុកនៅផ្ទះ បានហើយតែរត់មិនរួចត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះលក់គ្រឿងអគ្គិសនីត្រូពេជ្រ ផ្លូវ១០១៩ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ សោម សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ សម្ភារបន្សល់ទុក ៖ ម៉ូទ័រកាត់ដែក០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

យោងតាមរបាយការរបស់សមត្ថកិច្ចបាន ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រកាត់ដែក ធ្វើទ្វារឲ្យគេនៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានទុកម៉ូទ័រកាត់ដែកនៅខាងមុខទ្វាររួច ហូបបាយ ស្រាប់តែមានជនសង្ស័យ ខាងលើបានដើរមកដល់ចំណុចកើត ហេតុ ឃើញម៉ូទ័រកាត់ដែក និងដោយមានសភាពស្ងាត់ជនសង្ស័យបានលួចយកម៉ូទ័រកាត់ដែកបាន បម្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថា ចោរៗ ដេញចាប់បានជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖